បញ្ហាខ្វះឥន្ទនៈដ៏ធ្ងន់ធ្ងរនេះ បណ្តាលឱ្យស្ថានីយប្រេងជាច្រើនកន្លែងនៅក្រុងវៀងចន្ទត្រូវបិទទ្វារ ឯពលរដ្ឋត្រូវតម្រង់ជួរគ្នារាប់ម៉ោងដណ្តើមទិញប្រេងយកទៅប្រើរៀងៗខ្លួន។
រូបភាព៖ Bangkok Post
ឡាវដែលជាប្រទេសគ្មានដែនកោះ បានពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈភាគច្រើនពីប្រទេសក្បែរខាងថៃ ដើម្បីការប្រើប្រាស់ប្រចាំថ្ងៃ។ លោក Songpon Thepnumsommanus មន្រ្តីគ្រប់គ្រងទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនឧស្ម័ននិងឥន្ទនៈថៃ PTT ដែលបើកដំណើរការស្ថាន័យប្រេងសរុប ៥៣ ទីតាំងនៅប្រទេសឡាវ បានអះអាងថា ខ្លួនគ្រោងនឹងចែកចាយឥន្ទនៈឱ្យពលរដ្ឋបានប្រើប្រាស់ដូចសព្វដង តែប្រហែលអាចនឹងមានចន្លោះប្រហោងខ្លះ។
លោកបានពន្យល់ថា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាចនឹងមានចន្លោះប្រហោងខ្លះនោះ កើតឡើងនៅទីតាំងដែលមានអតិថិជនច្រើន តែក្រុមហ៊ុនសន្យាថានឹង ព្យាយាមគ្រប់គ្រងស្ថានការណ៍ឱ្យបានប្រសើរបំផុត។
ក្រោយប្រាក់គីបឡាវធ្លាក់ថ្លៃយ៉ាងគំហុក បូកទាំងការកើតមានអតិផរណានិងថែមទាំងទីផ្សារប្រេងលើពិភពលោកគ្មានស្ថេរភាពផងនោះ បានធ្វើឱ្យក្រុមហ៊ុននាំចូលប្រេងជាច្រើនជួបការលំបាកក្នុងការផ្គត់ផ្គង់ប្រេងឱ្យគ្រប់តាមតម្រូវការក្នុងប្រទេសឡាវ។
យ៉ាងណាមិញ ក្រោយផ្ទុះព័ត៌មានរឿងពលរដ្ឋបានតម្រង់ជួររាប់ម៉ោងចាំទិញប្រេង រដ្ឋាភិបាលឡាវ បានកោះប្រជុំបន្ទាន់មួយ ដើម្បីរកដំណោះស្រាយឱ្យខាងតែបានក្នុងការផ្គត់ផ្គង់ប្រេងដល់ពលរដ្ឋ ហើយស្នើឱ្យទាំងអស់គ្នាកុំមានការតក់ស្លុតជុំវិញបញ្ហានេះ៕
រូបភាព៖ RFA