ងាកមកចាប់អារម្មណ៍យុវវ័យខ្មែរមួយចំនួនបច្ចុប្បន្នវិញ ឃើញថាបានចាយពេលឥតប្រយោជន៍ច្រើនហួសហេតុលើបណ្តាញសង្គម Facebook, TikTok និង YouTube ជាដើម ដោយភ្លេចគិតថា ពួកគេអាចប្រើបច្ចេកវិទ្យាទាំងនោះ មកច្នៃជាប្រាក់ចំណូលជួយសេដ្ឋកិច្ចគ្រួសារបានដោយភាពសុចរិតនិងថ្លៃថ្នូរ។
លោក ហាក់ គីមថុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន «វិនិយោគ» ដែលផ្តល់សេវាកម្មទាំងផ្នែកបច្ចេកវិទ្យា និងអចលនទ្រព្យ បានលើកឡើងថា បច្ចប្បន្នមានបណ្តាក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចជា Facebook និង YouTube ជាដើម បានបង្កើតបច្ចេកវិទ្យានិងមុខងារលើបណ្តាញសង្គមថ្មីៗ ដើម្បីនាំនូវបទពិសោធល្អៗដល់អ្នកប្រើប្រាស់ឱ្យទាន់សម័យកាល ពិសេសអាចឱ្យពួកគេរកចំណូលបានពីបច្ចេកវិទ្យាទាំងនោះផងដែរ។
លោក ហាក់ គីមថុង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន «វិនិយោគ»
យ៉ាងណាមិញ សហគ្រិនរូបនេះមើលឃើញថា យុវវ័យមួយចំនួនហាក់ប្រើប្រាស់បណ្តាញសង្គមសម្រាប់កម្សាន្តច្រើនហួសហេតុ ជាជាងប្រើប្រាស់បច្ចេកវិទ្យាទាំងនោះមកអភិវឌ្ឍសមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួនឱ្យសមប្រកបទៅវិញ។
អ្នកជំនាញដដែលបង្ហើបឱ្យដឹងថា បណ្តាញសង្គមទាំងអស់នៅកម្ពុជា មិនថាតែ Facebook, YouTube, TikTok នោះទេ សុទ្ធតែជាច្រកបង្កើតចំណូល។ ជាក់ស្តែង នៅកម្ពុជាបច្ចុប្បន្នមាន Influencer ជាច្រើនបានក្លាយជាជនល្បីឈ្មោះនិងរកចំណូលបានគួរសម ដោយសារតែពួកគេមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតមាតិកានិងវីដេអូប្លែកៗ ដែលគួរឱ្យចាប់អារម្មណ៍និងមានអ្នកគាំទ្រច្រើន ជាហេតុទាក់ចិត្តបណ្តាក្រុមហ៊ុនផ្សេងៗទាក់ទងផ្សព្វផ្សាយផលិតផលមិនចេះដាច់។
លើសពីនេះ អ្នកបង្កើតមាតិកាវីដេអូល្បីៗលើ Facebook តែងតែទទួលបានចំណូលច្រើនគួរសមពីការផ្តល់ «ផ្កាយ (Star)» ពីអ្នកគាំទ្ររបស់ខ្លួនរៀងរាល់ថ្ងៃរៀងរាល់ពេលកំពុងនិងក្រោយការ Live Stream វីដេអូ។ ប៉ុន្តែដើម្បីអាចទទួលបានប្រយោជន៍ទាំងអស់នេះ លោក គីមថុង ថាត្រូវទាមទារឱ្យមានចិត្តស្រឡាញ់និងមានទេពកោសល្យលើការងារទាងនោះ ហើយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ពេលវេលាសិក្សានិងបំពុលដល់សង្គម។
រូប៖ បរទេស
ក្រៅពីការប្រើបណ្តាញសង្គមរកចំណូល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន «វិនិយោគ» បានផ្តល់គំនិតថា សម្រាប់មនុស្សមួយចំនួនដែលអៀនខ្មាសក្នុងការបង្ហាញមុខ ពួកគេអាចរកចំណូលបានដោយការបង្កើតភ្លេង ការគូររូបបែបឌីជីថល បង្កើតពុម្ពអក្សរ ការថតរូបនិងការឌីហ្សាញរូប រួចផ្សព្វផ្សាយលើវិបសាយដើម្បីលក់ឱ្យក្រុមហ៊ុនផ្សេងៗដែលចាប់អារម្មណ៍ចង់បានរូបរបស់ពួកគេ។
ត្បិតថាបច្ចេកវិទ្យាទាំងអម្បាលម៉ានអាចផ្តល់ចំណូលច្រើនក្រាស់ក្រែលក្តី តែលោក គីមថុង ផ្តល់យោបល់ថា ត្រូវធ្វើអ្វីដែលត្រឹមត្រូវកុំគិតតែពីលុយមួយមុខ ត្រូវបញ្ចូលក្តីស្រឡាញ់និងចិត្តចង់ចែករំលែកដល់អ្នកដទៃឱ្យបានច្រើន ទើបជោគជ័យយូរអង្វែង៕