ដោយឡែកកំណើនយានយន្តអគ្គិសនីក្នុងរយៈពេល ៥ ខែដំបូងឆ្នាំ ២០២២ នេះ មានចំនួន ៨៤ គ្រឿងធៀបនឹងរយៈពេលដដែលក្នុង ២០២១ មានចំនួន ៩ គ្រឿង ដែលតួលេខនេះបង្ហាញថាបានកើនឡើងដល់ជាង ៨០០ ភាគរយ។
ដើម្បីឱ្យការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកាន់តែរលូននិងសម្រេចតាមគោលដៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយស្ថាប័ន Energy Lab និង GIZ ដើម្បីផ្សព្វផ្សាយបន្ថែម និងរៀបចំការតាំងពិព័រណ៌យានយន្តអគ្គិសនីនៅទីស្ដីការក្រសួង ដែលមានក្រុមហ៊ុនចំនួន ១២ បានចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ក្រសួងក៏បានសហការជាមួយក្រុមហ៊ុនចែកចាយប្រេងដូចជា ក្រុមហ៊ុនកាល់តិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនPTT ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនតេលា ដើម្បីឱ្យផ្នែកឯកជនអាចដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅតាមស្ថានីយ៍ប្រេងឥន្ធនៈរបស់ខ្លួន។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងការបំពុលបរិស្ថាន។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលុបបំបាត់ការបញ្ចេញឧស្ម័នកាបូនឱ្យធ្លាក់នៅកម្រិតសូន្យនៅឆ្នាំ ២០៥០ ហើយលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានក្នុងអាត្រា ៤០ ភាគរយ និងម៉ូតូអគ្គិសនីក្នុងអាត្រា ៧០ភាគរយ៕