នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាទឹកប្រាក់ ៣០ លានអឺរ៉ូសម្រាប់យកមកអភិវឌ្ឍ «គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II។
រូប៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការបន្តគាំទ្រជំនួយពីសំណាក់រដ្ឋាភិបាលអាល្លឺម៉ង់លើកទី ៣ នេះ ជាការបំពេញបន្ថែមដល់កិច្ចខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធិភាពថាមពលនិងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទក្នុងប្រទេសកម្ពុជា។
រយៈពេលប្រមាណ ៣០ ឆ្នាំមកនេះ ប្រទេសអាល្លឺម៉ង់បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។
គិតតាំងពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៧២០ លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទានមានចំនួនប្រមាណ ៧០ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងមានចំនួនប្រមាណ ៦៥០ លានដុល្លារអាមេរិក៕
រូប៖ អគ្គិសនីកម្ពុជា