1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

វប្បធម៌


វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន

រូបបដិមាព្រះថោងនាងនាគ បានឆ្លងកាត់ការរចនាដោយប្រើពេលយូររហូតជាង ២ ឆ្នាំ ទើបរួចរាល់សម្រាប់លើកតម្កល់លើបល្ល័ង្កនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២២ នេះ។

លោក សុខ ចំរើន ដែលជាវិចិត្រករនិងជាម្ចាស់សិប្បកម្ម នរះសឹង្ហ ដែលទទួលសិទ្ធិរចនារូបសំណាកគំរូព្រះថោងនាងនាគ បានប្រាប់ MJQTV ថា ដំបូងឡើយមានក្រុមហ៊ុនមួយចំនួនដាក់ដេញថ្លៃក្នុងការរចនារូបសំណាកនេះ តែមានតែក្រុមការងារលោកប៉ុណ្ណោះដែលក្រសួងបានសម្រេចផ្តល់សិទ្ធិក្នុងការរចនារូបសំណាកស្ពាន់គំរូនេះឡើង ដោយសារលោកមានបទពិសោធយូរឆ្នាំខាងចម្លាក់ក្បាច់ និងរចនាបថខ្មែរសម័យបុរាណតាំងពីឆ្នាំ ១៩៩៧ មក។ 

លោក ចំរើន បានបន្ថែមថា ក្រុមការងាររបស់លោកនៅប្រទេសកម្ពុជាប្រមាណ ៦ នាក់ ត្រូវប្រើពេល ៣ ខែក្នុងការរចនារូបសំណាកគំរូព្រះថោងនាងនាគ ហើយខាងមន្រ្តីក្រសួងពាក់ព័ន្ធប្រើពេល ៦ ខែទៀត ដើម្បីពិនិត្យនិងវាយតម្លៃលើការរចនា ពិសេសក្បាច់របស់តួអង្គទាំងពីរ។

អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ បានពន្យល់ថា ពាក់ព័ន្ធនឹងក្បាច់នៃរូបសំណាក ខាងភាគីក្រសួងជាអ្នកផ្តល់ឱ្យ ដោយតម្រូវយកក្បាច់សម័យកណ្តាល សម្រាប់តួអង្គរូបសំណាកព្រះថោង ឯមកុដសម្រាប់តួអង្គព្រះនាងនាគគឺយកតាមរចនាបថអង្គរ។ 

ក្រោយពេលរចនារួចរាល់ ហើយខាងភាគីក្រសួងក៏បានយល់ព្រមជាមួយនឹងរចនាបថ រូបសំណាកព្រះថោងនាងនាគត្រូវដឹកបន្តទៅប្រទេសចិនដើម្បីស្លពុម្ពខ្នាតធំកម្ពស់ ២១ ម៉ែត្រ។ យ៉ាងណាមិញ ដោយសារវិបត្តិកូវីដ ទើបធ្វើឱ្យរូបសំណាកត្រូវអូសបន្លាយពេលដល់ទៅ ២ ឆ្នាំ ដោយលោកបានត្រឹមតែទាក់ទងជាមួយភាគីចិនតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ 

វិចិត្រកររូបនេះ ពន្យល់ថា ការធ្វើការងារតាមអនឡាញទៅលើកិច្ចការស្លពុម្ពរូបសំណាកដ៏ធំមហិមានេះ មានការលំបាកគួរសម ហើយការទាក់ទងគ្នា ត្រូវមានអ្នកបកប្រែជាភាសាចិននៅចាំសម្របសម្រួល។ លោកប្រាប់ដោយស្មោះត្រង់ថា រូបសំណាកព្រះថោងនាងនាគដែលដឹកមកតម្លើងនៅខេត្តព្រះសីហនុនេះ មានសភាពដូចរូបសំណាកដើម ៨០ ភាគរយប៉ុណ្ណោះ តែលោកក៏ស្ងើចសរសើរភាគីចិន ដែលព្យាយាមប្រិតប្រៀងទៅលើក្បាច់ ត្បិតថាលោកមិនបានទៅមើលផ្ទាល់ក៏ដោយ។

យ៉ាងណាមិញ វិចិត្រករមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ បានបង្ហាញមោទកភាពជាខ្លាំង ក្រោយពេលការងារជាច្រើនឆ្នាំបានរួចរាល់ ពិសេសរូបសំណាកព្រះថោងនាងនាគ បានក្លាយជាស្នាដៃសិល្បៈទុកសម្រាប់ក្មេងជំនាន់ក្រោយ។

រូបសំណាកព្រះថោងនាងនាគ ធ្វើឡើងពីស្ពាន់ មានកម្ពស់សរុប ២១ម៉ែត្រ បល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ។ រូបសំណាកនេះតម្លើងនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដោយព្រះភ័ក្រ្តបែរទៅសមុទ្ររាមខេត្តព្រះសីហនុ ទ្រង់យាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ដែលជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕


 


 


Image

ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២

Image

មកដឹងពីសម្បត្តិបេតិកភណ្ឌខ្មែរទាំង៩ បានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

Image

រចនាសម្ព័ន្ធប្រាសាទអង្គរវត្តដែលរងការគំរាមកំហែងដោយសារកត្តាធម្មជាតិ កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់

Image

អ្នកជំនាញបញ្ចប់ការងារជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័នឱ្យមានភាពល្អប្រសើរឡើង

Image

ខ្លោងទ្វារខាងកើតអគារព្រះឥសូរ នឹងបើកឱ្យភ្ញៀវឆ្លងកាត់ឡើងវិញឆាប់ៗនេះ

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម