ប្រភពរូបភាព៖ South China Morning Post
ចក្រភពអង់គ្លេស ក៏ដូចទៅនឹងប្រទេសមួយចំនួនទៀតដែរ គឺមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែខ្លួននៅតែប្រកាសពីការព្យាយាមបង្កើនការគាំទ្រ បន្ទាប់ពីកោះនេះកំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាពីក្រុងប៉េកាំង។
ដ្បិតថា សហរដ្ឋអាមេរិក គឺជាប្រភពអាវុធបរទេសដ៏សំខាន់បំផុតរបស់កោះ ប៉ុន្តែក្រុមហ៊ុនអង់គ្លេសជាច្រើន បានជួយអភិវឌ្ឍនាវាមុជទឹកតៃវ៉ាន់ដែលផលិតក្នុងស្រុក ហើយនៅពេលមានសំណួរថា តើអង់គ្លេសគួរជួយគាំទ្រតៃវ៉ាន់សម្រាប់ផ្នែកយោធា ទោះជាជំនួយអាវុធ ឬការចែករំលែកព័ត៌មានសម្ងាត់ណាមួយដែរឬទេ លោក Tobias Ellwood ដែលជាសមាជិកសភាអង់គ្លេស បានឆ្លើយថា ច្បាស់ជាជួយ។
សមាជិកសភារូបនេះ បានលើកឡើងយ៉ាងដូច្នេះ «ចក្រភពអង់គ្លេសបានបោះជំហានទៅមុខច្រើនជាងប្រទេសដទៃទៀតក្នុងការជួយអ៊ុយក្រែន ហើយប្រជាជាតិផ្សេងទៀតបានធ្វើតាម។ ដូច្នេះ ក៏មិនមានអ្វីរារាំងយើង នៅពេលដែលយើងជួយតៃវ៉ាន់ដែរ»។
យោងតាមសារព័ត៌មាន CNA លោក Ellwood ដែលជាសមាជិកសភាជាន់ខ្ពស់មកពីគណបក្សអភិរក្សនិយមកំពុងកាន់អំណាច និងជាអតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen), រដ្ឋមន្ត្រីការបរទេស លោក យ៉ូសែប វូ (Joseph Wu) និងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ លោក វេលីងតុន គូ (Wellington Koo) កំលុងពេលទស្សនកិច្ចនៅក្រុងតៃប៉ិ ដោយរូបលោកបានបញ្ជាក់ថា លោកក៏បានពិភាក្សាអំពីកម្មវិធីនាវាមុជទឹកតៃវ៉ាន់ផងដែរ ប៉ុន្តែលោកត្រូវស្វែងយល់បន្ថែមអំពីបញ្ហានោះបន្តិចសិន មុននឹងបង្ហើបជាសាធារណៈ៕