ប្រភពរូបភាព៖ TRT World & Yahoo Sports
ចាប់តាំងពីដើមខែតុលាមក រុស្ស៊ីបានវាយលុកហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាច្រើន ដោយបង្កឱ្យមានការដាច់ភ្លើង ហើយមនុស្សរាប់លាននាក់ត្រូវរស់នៅដោយគ្មានកម្ដៅ ចំពេលសីតុណ្ហភាពកំពុងធ្លាក់ចុះខ្លាំង។
នៅក្នុងសុន្ទរកថាកាលពីម្សិលមិញ លោក ហ្សេឡេនស្គី បាននិយាយថា «ដើម្បីឆ្លងផុតរដូវរងានេះ ពួកយើងត្រូវតែមានភាពអត់ធ្មត់ និងរួបរួមគ្នាជាងពេលណាទាំងអស់» ហើយ «យើងមិនអាចអនុញ្ញាតឱ្យមានជម្លោះផ្ទៃក្នុង និងការធ្វើកូដកម្មណាមួយកើតឡើងដែលនាំឱ្យយើងទាំងអស់គ្នាចុះខ្សោយនោះទេ...»។
បើតាមការលើកឡើងរបស់អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយសហរដ្ឋអាមេរិក លោកស្រី Victoria Nuland បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងនាំសង្រ្គាមទៅកាន់កម្រិតថ្មីមួយទៀតនៃភាពព្រៃផ្សៃ ដោយលោកព្យាយាមផ្តាច់ថាមពលរបស់ជនស៊ីវិល។
ទោះជាយ៉ាងណា ប្រទេសរុស្ស៊ីនៅតែប្រកែកជារឿយអំពីការវាយប្រហារសំដៅលើជនស៊ីវិល ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែមានបំណងកាត់បន្ថយសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែន និងជំរុញឱ្យមានការចរចាប៉ុណ្ណោះ ទោះបីជាក្រុងគៀវ អះអាងថា ការវាយប្រហារបែបនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ។ នេះបើតាមសារព័ត៌មាន CNA៕