ប្រភពរូបភាព៖ Al Jazeera
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ (UNGRD) បានឱ្យដឹងថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានគ្របដណ្តប់លើរថយន្តក្រុងមួយគ្រឿងក្នុងខេត្ត Risaralda ដែលមានចម្ងាយប្រហែល២៣០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបូកូតា (Bogota) ដោយបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស។ បើតាមទីភ្នាក់ងារនេះ ជនរងគ្រោះយ៉ាងតិច៨នាក់ គឺជាអនីតិជន។
យ៉ាងណាមិញ ជាការឆ្លើយតប ប្រធានាធិបតីនៃប្រទេស លោក Gustavo Petro បានពណ៌នាឧប្បត្តិហេតុថា ជាសោកនាដកម្មដ៏រន្ធត់ ហើយក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូលទៅកន្លែងកើតហេតុ និងបានខ្នះខ្នែងរកអ្នកនៅរស់រាន។ ក្នុងកិច្ចខិតខំប្រឹងប្រែងនោះ មនុស្សចំនួន៩នាក់ ត្រូវបានរាយការណ៍ថា បានជួយសង្គ្រោះដោយជោគជ័យ ខណៈជនរងគ្រោះម្នាក់ក្នុងចំនោមនោះ គឺជាក្មេងស្រីអាយុ៧ឆ្នាំ ដែលត្រូវបានគេរកឃើញថា កំពុងជាប់ជាមួយនឹងម្តាយរបស់នាង ក៏ប៉ុន្តែស្ត្រីជាម្តាយបានស្លាប់បាត់បង់ជីវិតទៅហើយ។
យោងតាមសារព័ត៌មាន CNA គ្រោះរអិលបាក់ដី បានកើតឡើងជារឿយៗនៅក្នុងប្រទេសកូឡុំប៊ី ដោយសារទីនោះគឺជាតំបន់ភ្នំ និងមានភ្លៀងធ្លាក់ញឹកញាប់ ហើយការរអិលបាក់ដីដ៏ធំបំផុតរបស់ប្រទេសនេះ គឺបានកើតឡើងក្នុងឆ្នាំ២០១៧ នៅក្រុង Mocoa និងបានសម្លាប់មនុស្សជាង៣២០នាក់៕