ប្រភពរូបភាព៖ The Moscow Times & Global News
យោងតាមសារព័ត៌មាន Al Jazeera យ៉ាងហោចណាស់មនុស្ស៤នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតក្រោមការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃចន្ទម្សិលមិញ ខណៈមីស៊ីលប្រហែល៧០ដើមត្រូវបានបាញ់ទម្លាក់មកលើប្រទេសអ៊ុយក្រែន ចំពេលប្រទេសកំពុងស្ដារការផ្គត់ផ្គង់ថាមពលឡើងវិញ។
ជុំវិញបញ្ហានេះ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នងនៅតំបន់ភាគអាគ្នេយ៍ និងផ្តាច់ថាមពលក្នុងតំបន់ដោយការបាញ់ស្រោចមីស៊ីល។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានត្អូញត្អែររួចទៅហើយអំពីការវាយលុករបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលជាច្រើន ដោយបានបង្កឱ្យមានការដាច់ភ្លើង ហើយមនុស្សរាប់លាននាក់ត្រូវរស់នៅដោយគ្មានកម្ដៅ ខណៈសីតុណ្ហភាពកំពុងធ្លាក់ចុះខ្លាំង។
យ៉ាងណាមិញ ប្រទេសរុស្ស៊ីនៅតែប្រកែកអំពីការវាយប្រហារសំដៅលើជនស៊ីវិល ដោយក្រុងម៉ូស្គូបែរមកចោទប្រកាន់អ៊ុយក្រែនវិញពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីជួរមុខ។
បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន បានវាយប្រហារចូលមូលដ្ឋានទ័ពអាកាសចំនួន២នៅតំបន់ Ryazan និងតំបន់ Saratov ភាគនិរតីនៃប្រទេស ដោយបានសម្លាប់ទាហាន៣នាក់ និងរងរបួស៤នាក់ ហើយយន្តហោះ២គ្រឿង ត្រូវរងខូចខាតនៅពេលពួកគេបាញ់ទម្លាក់។
ក្រសួងបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកដែលហោះក្នុងរយៈកម្ពស់ទាប ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារអាកាស និងបាញ់ទម្លាក់ ហើយការស្លាប់ត្រូវបានរាយការណ៍នៅលើមូលដ្ឋាន Ryazan ចម្ងាយ១៨៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃក្រុងម៉ូស្គូ។ ក្រសួងដដែល បានហៅទង្វើនោះថា ជាសកម្មភាពភេរវកម្ម។ ទោះជាយ៉ាងណា អ៊ុយក្រែនមិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ចំពោះការចោទប្រកាន់នេះទេ៕