ប្រភពរូបភាព៖ Insider
របាយការណ៍ផ្លូវការពីការិយាល័យស្ថិតិជាតិនៃប្រទេសចិន បានឱ្យដឹងថា ប្រទេសនេះមានប្រជាជនចំនួន១,៤១១៧៥ពាន់លាននាក់នៅចុងឆ្នាំ២០២២ ដែលជាអត្រាធ្លាក់ចុះ បើធៀបនឹងចំនួន១,៤១២៦០ពាន់លាននាក់កាលពីឆ្នាំ២០២១ ខណៈអត្រាកំណើតកាលពីឆ្នាំមុនគឺ៦,៧៧ក្នុងចំណោមមនុស្ស១ ០០០នាក់ ដោយធ្លាក់ចុះពីអត្រាកំណើត៧,៥១ក្នុងឆ្នាំ២០២១ និងបានក្លាយជាអត្រាកំណើតទាបបំផុតក្នុងកំណត់ត្រា។
ទន្ទឹមនឹងនោះ ប្រទេសចិន ក៏បានកត់ត្រាអត្រាមរណភាពខ្ពស់បំផុតរបស់ខ្លួនផងដែរចាប់តាំងពីឆ្នាំ១៩៧៦ ដោយបានចុះបញ្ជីការស្លាប់ចំនួន៧,៣៧ក្នុង១ ០០០នាក់ បើធៀបនឹងអត្រាមរណភាព៧,១៨ក្នុងឆ្នាំ២០២១។ អ្នកជំនាញ បាននិយាយថា គោលនយោបាយសូន្យ-កូវីដដ៏តឹងរ៉ឹងដែលបានអនុវត្តអស់រយៈពេល៣ឆ្នាំមកនោះ បានចូមរួមចំណែកបង្កឱ្យមានការខូចខាតបន្ថែមទៀតដល់ទស្សនវិស័យប្រជាសាស្រ្តរបស់ប្រទេស។
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាល បានបញ្ជាក់ថា មនុស្សចំនួន៩,៥៦លាននាក់បានចាប់កំណើតនៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២២ ហើយនៅឆ្នាំដដែលនោះ មនុស្សរហូតដល់ទៅ១០,៤១លាននាក់បានស្លាប់។ នេះគឺជាលើកទីមួយហើយដែលការស្លាប់មានច្រើនជាងចំនួនកំណើតនៅក្នុងប្រទេសចិន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ នៅពេលអំឡុងពេលនៃការដឹកនាំរបស់លោក ម៉ៅ សេទុង។
យោងតាមសារព័ត៌មាន CNA ការធ្លាក់ចុះនៃប្រជាសាស្រ្តភាគច្រើន គឺជាលទ្ធផលនៃគោលនយោបាយយកកូនតែមួយរបស់ប្រទេសចិន ដែលបានអនុម័តនៅចន្លោះឆ្នាំ១៩៨០ដល់២០១៥ ក៏ដូចជាការចំណាយលើការអប់រំខ្ពស់ដែលធ្វើឱ្យជនជាតិចិនជាច្រើនបោះបង់ការមានកូនលើសពីម្នាក់ ឬសឹងតែមិនចង់មានកូនតែម្តង។
ទោះបីជារដ្ឋាភិបាលក្នុងតំបន់នៅឆ្នាំ២០២១ បានដាក់ចេញនូវវិធានការដើម្បីលើកទឹកចិត្តប្រជាជនឱ្យមានកូនច្រើន រួមទាំងកាត់ពន្ធ ផ្តល់ការឈប់សម្រាកលំហែមាតុភាពរយៈពេលយូរ និងឧបត្ថម្ភសម្រាប់លំនៅដ្ឋានក៏ដោយ ក៏ជំហាននេះមិនត្រូវបានរំពឹងថាជោគជ័យរយៈពេលវែងដែរ៕