ប្រភពរូបភាព៖ Bloomberg
កាលពីខែមុន រដ្ឋបាលដែលគ្រប់គ្រងដោយតាលីបង់ បានបញ្ជាឱ្យអង្គការក្រៅរដ្ឋាភិបាលបញ្ឈប់បុគ្គលិកស្ត្រីពីការងារ និងបានចេញច្បាប់ហាមឃាត់ស្ត្រីពីការសិក្សាថ្នាក់សាកលវិទ្យាល័យ ដោយសកម្មភាពនេះ បានជំរុញឱ្យភ្នាក់ងារជំនួយជាច្រើនផ្អាកប្រតិបត្តិការរបស់ខ្លួន ចំពេលមានវិបត្តិមនុស្សធម៌។
ជុំវិញបញ្ហានេះ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ លោក Martin Griffiths បានលើកឡើងពីបញ្ហានៃការអប់រំ និងការងាររបស់ស្ត្រី ក៏ដូចជាផលប៉ះពាល់ដល់ប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែការិយាល័យនៅអាហ្វហ្គានីស្ថានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើកិច្ចប្រជុំនោះទេ។
បើតាមសារព័ត៌មាន CNA ការលើកឡើងរបស់លោក បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed ដែលបានសម្តែងការជូនដំណឹងដល់មន្ត្រីតាលីបង់នៅក្រុងកាប៊ុល និងភាគខាងត្បូងនៃក្រុង Kandahar ជុំវិញច្បាប់របស់រដ្ឋបាលដែលដាក់កម្រិតស្ត្រីលើការងារ និងការអប់រំ។
ចាប់តាំងពីការដណ្តើមអំណាចតាំងពីខែសីហា ឆ្នាំ២០២១មក គ្មានរដ្ឋាភិបាលបរទេសណាមួយ បានទទួលស្គាល់រដ្ឋបាលរបស់ពួកតាលីបង់ជាផ្លូវការនោះឡើយ ហើយប្រទេសជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសិទ្ធិរបស់មនុស្សស្រីដែលមានអាយុលើសពី១២ឆ្នាំ ដោយពួកគេត្រូវបានបញ្ឈប់ការសិក្សានៅសាលា ឬថ្នាក់សាកលវិទ្យាល័យ៕