ប្រភពរូបភាព៖ The Straits Times
នៅក្នុងសុន្ទរកថាបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អេរដូហ្គេន បានលើកឡើងយ៉ាងដូច្នេះ «អ្នកដែលអនុញ្ញាតឱ្យមានការប្រមាថបែបនេះនៅមុខស្ថានទូតរបស់យើង (នៅក្រុង Stockholm) កុំសង្ឃឹមថានឹងមានការគាំទ្រពីពួកយើងសម្រាប់សមាជិកភាពអង្គការណាតូឱ្យសោះ»។
កាលពីថ្ងៃសៅរ៍ បាតុកម្មនៅក្រុង Stockholm បានធ្វើការតវ៉ាប្រឆាំងនឹងប្រទេសតួកគី ក៏ដូចជាប្រឆាំងនឹងសំណើរបស់ស៊ុយអែតដើម្បីចូលរួមជាមួយអង្គការណាតូ ដោយពួកគេបានដុតបំផ្លាញច្បាប់ចម្លងនៃគម្ពីគូរ៉ាកំលុងពេលតវ៉ា។ សកម្មភាពនេះ បានបង្កើនភាពតានតឹងជាមួយប្រទេសតួកគីយ៉ាងខ្លាំង ខណៈស៊ុយអែតកំពុងត្រូវការការគាំទ្រពីប្រទេសនេះដើម្បីទទួលបានសិទ្ធិចូលរួមក្នុងសម្ព័ន្ធភាពយោធា។
គួររំឭកថា កាលពីឆ្នាំមុន ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំជាសមាជិកភាពជាមួយអង្គការណាតូ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែរដ្ឋជាសមាជិកទាំង៣០ត្រូវតែយល់ព្រមលើសំណើជាមុនសិន។ យ៉ាងណាមិញ ជុំវិញការគាំទ្រ ក្រុងអង់ការ៉ាធ្លាប់បាននិយាយថា ជាដំបូង ប្រទេសស៊ុយអែតត្រូវតែប្រកាន់ជំហរច្បាស់លាស់ជាងមុនដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាភេរវករ ដោយភាគច្រើនជាពួកសកម្មប្រយុទ្ធឃឺដ និងក្រុមដែលប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦។
លោក Erdogan ក៏បាននិយាយផងដែរថា «ប្រសិនបើអ្នកពេញចិត្តនឹងសមាជិកនៃអង្គការភេរវករ និងសត្រូវនៃសាសនាឥស្លាមខ្លាំង ហើយការពារពួកគេនោះ ពួកយើងសូមណែនាំអ្នកឱ្យទៅស្វែងរកការគាំទ្រពីពួកគេសម្រាប់សន្តិសុខរបស់ប្រទេសអ្នកទៅ»។
យោងតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតស៊ុយអែតម្តងរួចទៅហើយ និងបានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយរដ្ឋមន្ត្រីការពារជាតិស៊ុយអែតទៅកាន់ក្រុងអង់ការ៉ា ហើយថែមទាំងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះទៀតផង៕