បវរកញ្ញាអង់ហ្គោឡា ក៏ដូចជាប្រតិភូសមាជិកក្លឹបឆ្នេរស្អាតបំផុតលើសកលលោក មកពីបណ្តាប្រទេសដទៃទៀត ត្រូវបានរៀបចំឱ្យមាន ដំណើរទស្សនកិច្ចស្វែងយល់ពីការអភិវឌ្ឍទីក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដំណើរទស្សនកិច្ចកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានៅតំបន់សមុទ្រកម្ពុជា និងបានទៅទស្សនាព្រៃកោងកាងនៅខេត្តកោះកុង ដែលជាតំបន់ព្រៃកោងកាងដ៏ធំជាងគេនៅអាស៊ី។
កញ្ញា ក៏បានបញ្ជាក់ថា នេះជាលើកទីមួយហើយដែលកញ្ញាធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយក៏ជាលើកទីមួយដែលកញ្ញាធ្វើដំណើរមកតំបន់អាស៊ី ហើយកញ្ញា ក៏បានបង្ហាញអារម្មណ៍ថា រំភើបរីករាយដែលបានមកដល់ប្រទេសកម្ពុជា ពិសេស គឺបានមកដល់ខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រដ៏សំខាន់របស់កម្ពុជា។
«ខ្ញុំគិតថារឿងមួយដែលល្អបំផុត គឺឆ្នេរសមុទ្រពិតជាស្អាត និងអនាម័យ។ យើងអាចឃើញខ្សាច់ទន់ល្មើយ និងស្រស់ស្អាតអស្ចារ្យ ហើយយើងអាចលម្ហែកាយ ដើរ និងសម្រាកស្រូបយកខ្យល់អាកាស។ នេះជាអ្វីដែលខ្ញុំពិតជាសូមសរសើរអំពីឆ្នេរនៅទីនេះ។ វាមិនត្រឹមតែស្អាតទេ តែវាក៏ធ្វើឱ្យយើងមានអារម្មណ៍ចង់ត្រឡប់មកវិញម្ដងទៀត»។ នេះជាការបញ្ជាក់របស់កញ្ញាអង់ហ្គោឡា។
បវរកញ្ញាអង់ហ្គោឡាវ័យ២៥ឆ្នាំរូបនេះ បាននិយាយថា «អ្វីដែលខ្ញុំនឹងនិយាយអំពីឆ្នេរសមុទ្រកម្ពុជា នោះគឺថាវាជាកន្លែងដ៏ស្រស់ស្អាត និងជាគួរឱ្យស្នាក់នៅ។ ខ្ញុំមានសេចក្តីរីករាយជាខ្លាំងណាស់ដែលទទួលបានបទពិសោធន៍ជាមួយគណៈប្រតិភូទាំងមូល និងជាមួយក្រុមការងារទាំងមូល»។
សូមជម្រាបថា បវរកញ្ញាអង់ហ្គោឡា ស្វេលីយ៉ា ដាស៊ីលវ៉ា អាន់តូនីញ៉ូ បានរួមដំណើរជាមួយប្រតិភូអន្តរជាតិ២០ប្រទេសទៀត មកចូលរួមក្នុងមហាសន្និបាតលើកទី១៦របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រលើកទី៩។ ជាពិសេសកញ្ញា សន្យាពាំនាំព័ត៌មានអំពីសោភ័ណរមណីយភាពទាំងនេះ បង្ហាញជូនប្រជាជនក្នុងប្រទេសខ្លួន ក៏ដូចជាទៅកាន់ពិភពលោក ខណៈឆ្នេរសមុទ្រកម្ពុជា ជាទីគួរឱ្យចង់ទស្សនាកម្សាន្ត និងសម្រាកលម្ហែដ៏ពេញចិត្ត៕
រូបភាព៖ ទេសចរណ៍