លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រមួយរូបមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺមិនមានចែងអំពីការរើសអើងពូជសាសន៍ជំនឿ និងសាសនានោះទេ ដែលនេះធ្វើឱ្យកម្ពុជាមានគុណសម្បត្តិធំក្នុងការមានជំនឿ សាសនា ដោយអាចបំពេញនូវអ្វីដែលជាកិច្ចការតាមប្រពៃណីដោយសេរី ឱ្យតែមិនប៉ះពាល់អ្នកដទៃ។ លោកបន្តថានៅជនបទក្តីទីក្រុងក្តី ជាពិសេសតាមទីប្រជុំជនគឺមានប្រជាពលរដ្ឋរស់នៅច្រើន ហើយជំនឿ សាសនា ប្រពៃណីក៏មានច្រើនលាយឡំគ្នា ជាពិសេសកូនកាត់សែស្រឡាយជនជាតិផ្សេងៗច្រើនដូចនេះ ប៉ុន្តែនៅកម្ពុជាហាក់មានការចុះសម្រុងគ្នាក្នុងការរស់នៅបើទោះជាមានជំនឿ ប្រពៃណីខុសគ្នាក្តី។ លោកសាស្ត្រាចារ្យបានលើកឧទាហរណ៍ថា មានខ្មែរខ្លះសម្បុរខ្មៅ មិនមានជាប់សែស្រឡាយចិននោះទេ ប៉ុន្តែក៏រៀបចំសែនចិនជាមួយគេដែរ ព្រោះថាមួកគេក៏ចង់មានការជួបជុំសប្បាយ និងចង់ចូលរួមអបអរជាជាមួយអ្នកដែលមានសែស្រឡាយចិនផងដែរ។
យ៉ាងនេះក្តី លោកសំបូរ ម៉ាណារ៉ា ដាស់តឿនថា ការចូលរួមជាមួយជាតិសាសន៍ដទៃក៏មិនត្រូវភ្លេចប្រវត្តិសាស្ត្រខ្មែរប្រពៃណីខ្មែរនោះឡើយ។ ហើយការប្រារព្ធពិធីផ្សេងៗគឺត្រូវតែរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ដោយមិនត្រូវធ្វើឱ្យល្មើសច្បាប់ប្រទេសជាតិផងដែរ៕