ជុំវិញដំណើរទស្សនកិច្ចសិក្សាលើកទី៤៤ ទៅកាន់រមណីយដ្ឋានកំពូលពេជ្រនេះ លោក សយ វឌ្ឍនា អ្នករៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់ នៃមជ្ឈមណ្ឌលភាសាអេ អាយ អាយ បានលើកឡើងថា គោលដៅនៃដំណើរទស្សនកិច្ចសិក្សានេះ គឺយើងធ្វើឡើងដើម្បីឱ្យសិស្សបានក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ក៏ដូចជាការប្រកបមុខរបរប្រចាំថ្ងៃ កម្រិតជីវភាពរស់នៅ និងស្មារតីឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករនៅតាមទីជនបទ រួមទាំងបានគយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនានា ក្នុងខេត្តតាកែវផងដែរ។
លោក សយ វឌ្ឍនា អះអាងថា តាមរយៈទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សនឹងបានរៀនសូត្រពីចំណេះដឹងថ្មីៗ មានភាពក្លាហានជាងមុន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ បង្កើនទំនាក់ទំនងរវាងគ្នានិងគ្នា ជាមួយគ្រូនិងសិស្ស និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
លោក សង្កត់ធ្ងន់ថា គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយ ដើម្បីកំណត់ទីតាំង និងដឹកនាំសិស្សរបស់យើងទៅកាន់រមណីយដ្ឋាននានា កន្លែងប្រវត្តិសាស្ត្រ សារមន្ទីរជាតិ ប្រាសាទបុរាណ កន្លែងកសិកម្ម និងឧស្សាហកម្មផ្សេងៗក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់សិស្សផ្ទាល់ ដើម្បីឱ្យពួកគេទាញយកបទពិសោធថ្មីៗ មេរៀនពីជីវិតថ្មីៗជាច្រើនទៀត។
តាមការកត់សម្គាល់ ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សទាំងអស់បានចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដោយមានរបៀបរៀបរយត្រឹមត្រូវ និងធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញប្រកបដោយសុវត្ថិភាព។
គួរជម្រាបជូនថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានកម្មវិធីសិក្សាដូចជាវគ្គបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស ភាសាចិន និងភាសាថៃគ្រប់កម្រិត វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL សម្រាប់សិស្សានុសិស្សគ្រប់វ័យ៕
អប់រំ
ដើម្បីឱ្យសិសិស្សានុសិស្ស បានសម្រាកលំហែអារម្មណ៍ កាត់បន្ថយភាពតានតឹង និងរៀនពីចំណេះដឹងថ្មីៗ បន្ថែមពីក្នុងថា្នក់ផងនោះ គណៈគ្រប់គ្រង មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំសិស្សានុសិស្សប្រមាណជិត ២ពាន់នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានកំពូលពេជ្រ ឬអង្លង់ភ្ញៀវ ខេត្តតាកែវ។