អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃ MJQ Education និងជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងចាងហ្វាងនៃ MJQ Media Network បានរៀបរាប់យ៉ាងក្បោះក្បាយថា អាណាព្យាបាលមិនគួរទាមទារចង់ឱ្យកូនរបស់ខ្លួនទើបអាយុ ៣ ឆ្នាំ ឱ្យចេះនេះចេះនោះ ពិសេសចេះនិយាយភាសាអង់គ្លេសទាំងដែលពួកគេចូលរៀនមិនទាន់បានប៉ុន្មាននោះឡើយ។
មូលហេតុលោកបានពន្យល់ថា «តាមពិតទៅ ការបញ្ជូនកូនៗឱ្យទៅរៀននៅអាយុ ៣ឆ្នាំក្នុងថ្នាក់ក្រោមមត្តេយ្យសិក្សានេះ គេមិនមែនចង់ឱ្យកូនទៅដើម្បីរៀនអក្សរនោះទេ តែគេចង់ឱ្យកូនចេះលេងសើច ទៅបន្សាំខ្លួនជាមួយសាលា ជាមួយគ្រូ ហើយទៅរៀនពីនេះពីនោះដើម្បីឱ្យពួកគេមានចំណេះដឹងទូលំទូលាយ និងទៅសហការជាមួយមិត្តភក្តិ កុំឱ្យឯកោនិយម ពិសេសកុំឱ្យកូនធំឡើងភ្លាវនិងខ្លាចគេជាដើម។ លុះដល់ពេលពួកគេចូលដល់ថ្នាក់បឋមសិក្សា ពួកគេនឹងមានភាពក្លាហាន ឈ្លាសវៃនិងចេះរ៉ិលតែម្ដង។»
អ្នកជំនាញទាំងផ្នែកវេជ្ជសាស្រ្តនិងអប់រំដដែល បានសង្កត់ធ្ងន់ថា ប្រសិនបើអាណាព្យាបាលបញ្ជូនកូនទៅចូលរៀននៅអាយុ ៦ឆ្នាំ វាហាក់បីដូចជារាងយឺតយ៉ាវបន្តិចសម្រាប់ក្មេងៗ ព្រោះហាក់បីដូចជាឱ្យពួកគេចាប់ផ្ដើមពីចំណុចសូន្យ រៀនមិនទាន់គេ ពិសេសអាចធ្វើឱ្យពួកគេបាក់ទឹកចិត្តក្នុងការសិក្សាផងក៏ថាបាន។
រូប៖ LPCDS
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញបានឱ្យដឹងថា អ្នករៀនពូកែ ជោគជ័យ ឆ្លាត ឈ្លាសវៃ ហើយមានអនាគតល្អភ្លឺស្វាង ភាគច្រើនគឺកើតចេញពីក្មេងដែលចូលរៀនថ្នាក់ក្រោមមត្តេយ្យសិក្សាក្នុងអាយុ៣ឆ្នាំ។ ក្មេងដែលចូលរៀននៅអាយុ៣ឆ្នាំ គឺមានភាគរយជោគជ័យខ្ពស់ជាងក្មេងដែលចូលរៀននៅអាយុ៦ឆ្នាំ។ ចំណែកក្បួនពេទ្យក៏យល់ឃើញដែរថា ក្មេងដែលចូលរៀននៅអាយុ ៣ ឆ្នាំ គឺមានការលូតលាស់ផ្នែកបញ្ញាស្មារតីលឿនជាងក្មេងដែលចូលរៀននៅអាយុ ៦ឆ្នាំ។
លោកបានអំពាវនាវដូច្នេះថា មាតាបិតា ឬអាណាព្យាបាលគ្រប់រូប គួរបញ្ជូនកូនទៅរៀនថ្នាក់ក្រោមមត្តេយ្យសិក្សានៅអាយុ៣ឆ្នាំទាំងអស់គ្នា ដើម្បីឱ្យពួកគេស៊ាំនឹងសាលា ស៊ាំនឹងគ្រូ ស្គាល់មិត្តភក្តិ និងវិវឌ្ឍផ្នែកបញ្ញាបានឆាប់រហ័ស៕