នាឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក បានត្រៀមខ្លូនរួចជាស្រេច និងកំពុងរៀបចំនីតិវិធី និងលក្ខខណ្ឌតម្រូវតាមបទបញ្ញត្តិ ដើម្បីស្នើសុំការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (SERC) និងផ្សារមូលបត្រកម្ពុជា (CSX) ហើយរំពឹងទុកថាដំណើរការចុះបញ្ជីនៅផ្សារមូលបត្រនេះនឹងបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
បើតាម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយសារវិស័យអប់រំគឺជាវិស័យអាទិភាព និងជាគន្លឹះនៃការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ស្របពេលដែលប្រទេសកម្ពុជាយើងមានសុខសន្តិភាពល្អផងនោះ យើងខ្ញុំមានក្តីសង្ឃឹមជឿជាក់ថា យើងនឹងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសាធារណជនដែលនឹងជួយឱ្យសកម្មភាពជួញដូរភាគហ៊ុនកាន់តែមានសន្ទុះខ្លាំងឡើង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជម្រុញឱ្យវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាយើងកាន់តែមានភាពរឹងមាំ និងគុណភាពអប់រំប្រកបដោយស្តង់ដារខ្ពស់បំផុត។
ជាមួយនឹងគ្នានេះ អ្នកឧកញ៉ា ក៏បានអំពាវនាវដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ ចូលរួមគាំទ្រឱ្យបានផុសផុល។
អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនរូបនេះ អះអាងថា «យើងខ្ញុំប្តេជ្ញាថានឹងបន្តផ្តល់សេវាអប់រំប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីជាតិ តាមរយៈការបង្រៀនប្រកបដោយគុណភាព ទំនើបកម្មសម្ភារបរិក្ខារ និងសកម្មភាពច្នៃប្រឌិត ដើម្បីបង្កើនបទពិសោធន៍សិក្សាដល់សិស្សានុសិស្សរបស់យើង។»
គួរជម្រាបថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ, សាលារៀន អន្តរទ្វីប អាមេរិកាំង, ស្ថាប័ន SOGO (Study Overseas Go Overseas) និង i-Learn ជាប្រព័ន្ធអប់រំមួយដែលផ្តោតសំខាន់បំផុតទៅលើ គុណភាព វិន័យ និង សេវាកម្ម។ ប្រព័ន្ធអប់រំមួយនេះ បានផ្សារភ្ជាប់ និងស្របគ្នាទៅនឹងការប្រើប្រាស់គំនិតច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗ និងការគិតស៊ីជម្រៅ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ៕