លោក សាន គឹម ស៊ាន ប្រធានបណ្ឌិត្យសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោ មានប្រសាសន៍ថា លោកបានហ្វឹកហាត់កីឡាគុនល្បុក្កតោនេះ តាំងពីកុមារភាពមក ហើយក៏មានបំណងបង្ហាញកីឡាក្បាច់គុននេះ ដល់អន្តរជាតិឱ្យបានស្គាល់ថា នេះគឺអ្វីដែលខ្មែរមាន ខ្មែរបានប្រើតាំងពីបុរាណកាល ហើយពេលនេះបំណងរបស់លោកបានសម្រេចហើយខណៈដែលលោកមានអាយុ៧៧ឆ្នាំ។
កញ្ញា សំ ថារ័ត្ន កីឡាការិនីល្បុក្កតោមួយរូប បានមានប្រសាសន៍ថា នៅពេលដែលដឹងដំណឹងថា កីឡាគុនល្បុក្កតោត្រូវបានបញ្ចូលជាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះ គឺកញ្ញារំភើបនិងមិនស្ដាយកម្លាំងដែលខំហ្វឹកហាត់កីឡាគុនខ្មែរនេះទេ ។ កញ្ញាប្តេជ្ញាថា នឹងបន្តស្មារតីក្នុងការជួយបំផុសបំផុលឱ្យក្បាច់គុនខ្មែរមួយនេះកាន់តែល្បីល្បាញ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានស្ថាបនិកកិត្តិយសនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ពីឆ្នាំ២០១៥-២០១៦ បានមានប្រសាសន៍ថា ពីដំបូងលោកមិនសូវបានដឹងពីប្រវត្តិគុនល្បុក្កតោនោះទេ ប៉ុន្តែដោយសារតែឃើញថា ការហ្វឹកហាត់កីឡានេះហាក់មានការខ្វះខាតច្រើន ក៏បានជួយឧបត្ថម្ភតាមលទ្ធភាព។ លោកបន្តថា នៅពេលដែលពិភាក្សាអំពីកីឡានេះក៏ឃើញថា មានអ្នកចេះក្បាច់គុនល្បុក្កតោនេះច្រើន ប៉ុន្តែហាក់មិនទាន់រួមគ្នាជាធ្លុងមួយ លោកក៏ចូលរួមជាអ្នកដែលនៅកណ្ដាល ដើម្បីអញ្ជើញចាស់ៗដែលគាត់ចេះក្បាច់គុនល្បុក្កតោឱ្យបានជួបជុំគ្នា។ ជាមួយគ្នានេះ សៀវភៅក្បាច់គុនល្បុក្កតោ ក៏ត្រូវបានអ្នកឧកញ៉ា ចូលរួមឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ និងបោះពុម្ពផងដែរ។ អ្នកឧកញ៉ា ក៏ជូនពរឱ្យគុនល្បុក្កតោនេះបន្តដល់ខ្មែរជំនាន់ក្រោយរាប់ពាន់ឆ្នាំទៅមុខទៀត។
អ្នកឧកញ៉ាបន្ថែមថា ក្រោយមកទៀតអ្នកឧកញ៉ាក៏ត្រូវបានតែងតាំងជាប្រធានស្ថាបនិកកិត្តិយសនៃសហព័ន្ធកីឡាគុនល្បុក្កតោ ហើយក៏បានសហការជាមួយកងយោធពលខេមរភូមិន្ទដើម្បីដាក់បញ្ចូលកីឡាល្បុក្កតោក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពនៅខែមករា ឆ្នាំ២០១៦ ព្រមទាំងបានរៀបចំឯកសារជាមួយថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត ដាក់ទៅអង្គការយូណេស្កូ ដើម្បីស្នើសុំដាក់គុនល្បុក្កតោនេះជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ជាមួយគ្នានេះអ្នកឧកញ៉ាក៏បានចុះទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូដែលបង្ហាត់គុណល្បុក្កតោ ព្រមទាំងបានផ្ដល់ជាថវិកា សម្ភារៈមួយចំនួនផងដែរ។ អ្នកឧកញ៉ាបានបង្ហាញអារម្មណ៍រីករាយដោយបានឃើញគុនល្បុក្កតោនេះចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ហើយក៏បានប្តេជ្ញាចិត្តជួយគាំទ្របន្តទៀតផងដែរ។
លោក វ៉ាន់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដាស់តឿនថា ត្បិតតែកីឡាគុនល្បុក្កតោកម្ពុជា បានចូលជាសម្បត្តិបេតិកភណ្ឌអរូបិនៃអង្គការយូណេស្កូក្តី ប៉ុន្តែការដាក់បញ្ចូលនេះអាចនឹងត្រូវដកចេញមកវិញប្រសិនបើកម្ពុជាមិនគោរពតាមអ្វីដែលអង្គការយូណេស្ដូតម្រូវ។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំក្នុងការដាក់បញ្ចូលកីឡាគុនល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក៕