លោក បានបញ្ជាក់ថា តាមរយៈការសិក្សា ស្វាព្រាមមានចំនួនច្រើនជាង ៣០០០ ក្បាល នាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ វត្ដមានស្វាព្រាមនេះភាគច្រើនមាននៅភាគខាងកើតនៃប្រទេសកម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។ ពួកវាចូលចិត្ដរស់នៅតាមតំបន់ទន្លេ និងព្រែក ដូចជាទន្លេសេកុង និងស្រែពកជាដើម។ មុខងារមួយក្នុងចំណោមមុខងារផ្សេងៗរបស់ស្វាព្រាមនេះគឺវាជាសត្វស៊ីផ្លែឈើ ស្លឹកឈើ។ ដូច្នេះវាគឺជាភ្នាក់ងារ១ ក្នុងការនាំគ្រាប់ពូជរុក្ខជាតិពី ១ កន្លែងទៅ១ កន្លែងពីតំបន់ ១ ទៅតំបន់ ១ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។
អ្នកនាំពាក្យនៃក្រសួងបរិស្ថានដដែល បន្ថែមថា ស្វាព្រាម (Trachypithecus germaini) ឈ្មោះអង់គ្លេស៖ Silvered Langur មានសម្បុរខ្មៅប្រផេះពាសពេញលើដងខ្លួន ហើយផ្ទៃមុខមានពណ៌ខ្មៅគ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌ស-ប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងព័ណ៌ព័ទ្ធជុំវិញផ្ទៃមុខស្ទើតែលុបបាត់ត្រចៀក។ កូនស្វាតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។
សត្វប្រភេទនេះ ត្រូវបានគេប្រទះឃើញវត្តមាននៅព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងតំបន់ឆ្នេរព្រៃកោងកាង តំបន់ព្រៃលិចទឹក។ ចំណីអាហាររបស់វាមានដូចជា៖ ត្រួយឈើ មើម ផ្លែឈើខ្ចី (ផ្លែកកោះ ត្រសេក) ផ្កា និងសត្វល្អិតផងដែរ។ ស្វាព្រាម ចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទកំពង់រងគ្រោះថ្នាក់ជិតផុតពូជ។ នេះបើតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន៕
សង្គម
សត្វព្រាមប្រភេទកម្រជិតផុតពូជមានច្រើនជាង៣០០០ ក្បាល ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា កត្តានេះ ដោយសារតែកត្តាអំណោយផល កម្ពុជាត្រូវបានគេដឹងថា នៅមានវត្តមានស្វាព្រាមច្រើនបង្គួរនៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។