រូបភាព៖ អាជ្ញាធរជាតិអប្សរា
បើតាម លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់ បច្ចុប្បន្ននេះសម្រេចបាន៥០ភាគរយហើយ។ លោកស្រី បញ្ជាក់ថា ការងារនេះអាចចំណាយពេលខ្ទង់ ៦ឆ្នាំទៀត ដើម្បីរួចរាល់ជាស្ថាពរ។
មិនខុសពីប្រាសាទដទៃទៀតដែរ ប្រាសាទភ្នំបាខែងរងការខូចខាតដោយសារកត្តាពេលវេលា អាកាសធាតុ ដែលធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទនេះខូចខាត និងទ្រេត ហើយកន្លែងខ្លះរលំផងដែរ ដូចជានៅតាមជ្រុង នីមួយៗ ដោយសារមានទឹកហូរច្រោះ។ ការជួសជុល គេត្រូវកាយថ្មនៅបាតគ្រឹះចេញ ដោយបុកបង្ហាប់ គ្រឹះថ្មី និងធានាថា ទឹកមិនហូរច្រោះតទៅទៀត។ ក្រៅពីនោះ ក៏មានការជួសជុលតួប៉ម នៅតាមជ្រុងនីមួយៗ ដែលបានបាក់ និងដួលរលំ។
បើតាមអាជ្ញាធរជាតិអប្សរា នៅជំហានបន្ទាប់ WMF នឹងគិតគូរជួយអភិរក្សប្រាសាទដទៃទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។ បន្ទាប់ពីមានវត្តមាននៅខេត្តសៀមរាបជាង ៣០ឆ្នាំមក WMF បានជួយកិច្ចអភិរក្សនៅប្រាសាទមួយចំនួន ដូចជា ប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែងជាដើម៕