ក្នុងពិធីអញ្ជើញជួបសំណេះសំណាលព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A សម្តេច ហ៊ុន សែន បានអំពាវនាវដល់មាតាបិតាឬអាណាព្យាបាលសិស្ស កុំប្រៀបធៀបកូនៗរបស់ខ្លួននឹងកូនអ្នកដទៃឬសូម្បីតែប្រៀបធៀបជាមួយសមាជិកក្នុងគ្រួសារតែមួយក៏ដោយ។
លោកសង្កត់ធ្ងន់ថា ការស្តីបន្ទោសកូនៗដោយប្រៀបធៀបនឹងអ្នកណាម្នាក់ អាចធ្វើឱ្យពួកគេប៉ះពាល់ផ្លូវចិត្តជាខ្លាំង ដែលអាចនាំឱ្យការសិក្សារបស់ពួកគេដំណើរការមិនសូវបានល្អនោះ។ ផ្ទុយទៅវិញ លោកណែនាំឱ្យមាតាបិតា គួរប្រឹងប្រែងរកដំណោះស្រាយល្អៗសម្រាប់កូន ដើម្បីជាការលើកទឹកចិត្តពួកគេឱ្យមានស្មារតីល្អក្នុងការរៀនសូត្រ។
លើសពីនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានទទូចសូមកុំឱ្យមានការស្តីបន្ទោសគ្រូ ពេលសិស្សណាម្នាក់រៀនមិនពូកែ ព្រោះថាគ្រូម្នាក់ៗតែងតែប្រឹងប្រែងបង្ហាត់បង្រៀនសិស្សយ៉ាងអស់ពីចិត្តពីថ្លើម ដើម្បីផលិតធនធានមនុស្សដែលផ្តល់ប្រយោជន៍ដល់សង្គមជាតិ។ លោកបន្ថែមថាឪពុកម្តាយខ្លះ ពេលកូនរៀនពូកែ សរសើរថាពូជខ្លួនល្អ តែពេលកូនរៀនខ្សោយទៅជាបន្ទោសថាគ្រូមិនកើតទៅវិញ ដែលនេះជារឿងមួយមិនគួរកើតឡើងទាល់តែសោះ។
លោកបានផ្តាំជាចុងក្រោយថា សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់លើគុណគ្រូ ហើយបើទោះបីជាពួកគាត់ទៅជាយ៉ាងណា មិនគួរមើលងាយគ្រូរបស់ខ្លួនជាដាច់ខាត ព្រោះថាការណ៍ដែលសិស្សចេះដឹងនិងមានបានក៏ព្រោះតែគ្រូនេះឯង ពោលត្រូវចងចាំជានិច្ចថា «គ្រូមួយថ្ងៃគឺគ្រូមួយជីវិត»៕
រូបភាព៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន