គិតត្រឹមថ្ងៃទី៦ឧសភា ឆ្នាំ២០២៥ កម្ពុជាពុំមានករណីជំងឺឆ្លងឈាមខ្មៅ ឬអង់ត្រាក់ហៅថាពិសធ្យូង (Bacillus Anthracis)លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលចេញស្របជាគ្នា។ ទោះជាយ៉ាងនេះក្តី ក្រសួងនៅតែរឹតបន្តឹង និងហាមឃាត់ជាបណ្តុះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វទាំងអស់ពីច្រកព្រំដែននៃប្រទេសថៃ រួមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការត្រួតពិនិត្យតាមបណ្តាច្រកព្រុំដែន ដើម្បីត្រួតពិនិត្យ និងធានាឲ្យបាននូវសុវត្តិភាពនៅក្នុងប្រទេស។ ក្នុងនោះ អគ្គនាយកដ្ឋានស្នងសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សនៅតាម២៥ក្រុង-រាជធានីខេត្ត ក្នុងការត្រួតពិនិត្យសុខភាពសត្វ និងធ្វើអន្តរាគមភ្លាមៗក្នុងករណីសង្ស័យណាមួយ។

ងាកមកប្រទេសថៃឯនេះវិញ តាមរយៈស្ថិតិមន្ទីសុខាភិបាលខេត្តមុខដាហាន់នៃប្រទេសថៃបានបញ្ជាក់ថា គិតត្រឹមថ្ងៃ៦ឧសភា មានអ្នកឆ្លងថ្មីម្នាក់សរុប៤នាក់ ក្នុងចំណោម៤នាក់នោះមានម្នាក់ស្លាប់។ យ៉ាងណាមិញគិតមកទល់ពេលនេះ អ្នកកើតជំងឺអង់ត្រាក់នេះ មានចំនួនសរុប៦៣៦នាក់ ផុតពីការតាមដានរបស់ពេទ្យចំនួន ៥៣៨នាក់ និងកំពុងសម្រាកព្យាបាលសរុបចំនួន ៩៨នាក់។
គួររឭកថា ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រមួយ ប៉ុន្តែធ្ងន់ធ្ងរដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ ។ សមត្ថភាពពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ វាធន់នឹងធាតុអាកាសខាងក្រៅបានអាចសម្ងំ ដល់រាប់ឆ្នាំចន្លោះពី៣០-៤០ទៅឆ្នាំនៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ ជំងឺអង់ត្រាក់ ឬពិសធ្យូងមានហានិភ័យអាចឆ្លងមកមនុស្សបានតាមរយៈ ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ ឬឆ្លងតាមរយៈការសម្លាប់សត្វដែលផ្ទុកជំងឺនេះ និងផលិតផលដែលដូចជា សាច់ ឈាម ឆ្អឹង រោម ដែលប្រភពកំណើតពីសត្វផ្ទុកជំងឺអង់ត្រាក់។ ចំណែកអាការៈរោគសញ្ញា មាន៣សណ្ឋាន៖ ដូចជាលើស្បែក សណ្ឋានក្រពះពោះវៀន និងសណ្ឋានផ្លូវដង្ហើម។ ក្នុងនោះ ក្រសួងសុខាភិបាកបានបញ្ជាក់ថា«ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ»។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ព្រមចេញវិធានការអំពីវិធីបង្កាពីជំងឺឆ្លងនេះ ដើម្បីធានាឲ្យបានសុវត្តិភាព។ វិធានការបង្កាការឆ្លងរួមមាន៖ បំរាមមិនឲ្យបរិភោគសាច់ដែលគ្មានប្រភពច្បាស់លាស់ ចៀងវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលស្លាប់ដោយសារជំងឺ មិនត្រូវវះពិនិត្យសាកសពសត្វស្លាប់ដោយសារជំងឺអង់ត្រាក់ និងត្រូវយកទៅកប់ ឬកម្ទេចចោល។ ក្នុងករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺមកទទួកការព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់ ទំនាក់ទំនងតាមរយៈលេខ១១៥ ដើម្បីជៀសវាងហានិភ័យដល់អាយុជីវិត៕
ដោយ៖ កញ្ញា ងិន ស៊ាងលីម