ក្រសួងកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីប្រកួតប្រជែងការកែច្នៃប្រហុកឆ្នើម២០២៥នៅសៀមរាបនាចុងខែឧសភា បន្ទាប់ពីកម្ពុជាបានសម្ពោធ ប្រហុកសៀមរាប ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា ការដាក់ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋាន ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញក្រោមកិច្ចសហការពីក្រសួង ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ក្រោយប្រមូលផលជលផល (CAPFISH-Capture) គាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាល ជលផល និងក្រសួងពាណិជ្ជកម្ម។
ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬGI សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ឬ រូបភាពផ្សេងៗដែលមានលក្ខណៈញែកដាច់ដែលជាឈ្មោះឬតំណាងឲ្យប្រភពដើមនៃតំបន់ភូមិសាស្រ្តមួយ ហើយឈ្មោះសញ្ញាសម្គាល់ឬ រូបភាពនោះ អាចកំណត់អត្តសញ្ញាណទំនិញដែលមានប្រភពក្នុងភូមិសាស្រ្តនោះ ដូចទៅនឹង ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីជាដើម។
ងាកមកការប្រកួតកែច្នៃប្រហុកឆ្នើមឯនេះវិញ គឺមាន៣ដំណាក់កាលដោយមានអ្នកចូលរួមចន្លោះពី២០-៣០នាក់ ឈប់ទទួលពាក្យថ្ងៃទី ៣០ ឧសភា។ សម្រាប់អ្នកជាប់ជ័យលាភីពីលេខ១មួយដល់លេខ៣ នឹងទទួលបានពានរង្វាន់ អមជាមួយប្រាក់លើកទឹកចិត្ត ។ ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ និងស្វែករកសហគ្រាសកែច្នៃផលិតផលប្រហុកឆ្នើមបំផុត ប្រកបដោយគុណភាពខ្ពស់ សុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍ប្រហុកតាមរយៈការអនុវត្តបច្ចេកទេសកែច្នៃប្រហុក ការប្រកួតប្រជែងទីផ្សារ ការសិក្សាពីសេដ្ឋកិច្ចក្នុងការកែច្នៃប្រហុក និងការបន្ថែមរសជាតិលើផលិតផលពីប្រហុក។
ក្រសួងកសិ-ឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងថា ការរៀបចំឲ្យមានការប្រកួតការកែច្នៃប្រហុកសៀមរាបនឹងនាំមកនូវជីវភាពរស់នៅប្រសើរឡើងរបស់ផលិតករក្នុងស្រុក ជួយលើកកម្ពស់ និងលើកទឹកចិត្តក្នុងការផលិត ធ្វើយ៉ាងណាឲ្យផលិតផលប្រហុកត្រូវបានផ្សព្វផ្សាយទៅលើទីផ្សារកាន់តែច្រើនទាំងក្នុង និងក្រៅស្រុក និងធ្វើឲ្យផលិតផលប្រហុកកាន់តែមានស្តង់ដាគុណភាព និងតម្រូវការទីផ្សារ ព្រមទាំងកសាងទំនាក់ទំនងរវាងអ្នកកែច្នៃ ដៃគូអភិវឌ្ឍន៍ ក្នុងការអភិវឌ្ឍន៍ប្រហុករបស់ខ្មែរ៕
ដោយ៖ កញ្ញា ងិន ស៊ាងលីម

