បទយកការណ៍ Aug 24, 2023

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំសិក្សា ២០២២-២០២៣ និងតម្រង់ទិសដៅការងារសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ លើកទី២២ នៃបុគ្គលិកទាំងអស់ក្នុងអតីតផ្នែកវឌ្ឍនភាព

ស្ថិតក្រោមការ​អភិវឌ្ឍ រីកចម្រើន​ និងបន្ដបើកសាខាថ្មីៗជាបន្ដបន្ទាប់ឥតឈប់ឈរ ពិសេសថ្មីៗនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ទើបតែបើកសាខាថ្មីនៅទឹកដីខណ្ឌសែនសុខ ដែលជាតំបន់មានសក្ដានុពល​​បំផុត ដោយរង់ចាំទទួលសិស្សានុសិស្សក្នុងសេវាកម្មអប់រំដែលមានប្រណីតភាព​ និងគុណភាព​នៅកម្ពុជា។​​

 

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំ​កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងតម្រង់ទិសដៅការងារសម្រាប់ឆ្នាំសិក្សាថ្មី២០២៣-២០២៤ លើកទី២២ ​អតីតផ្នែកវឌ្ឍនភាពបុគ្គលិកទាំងអស់នៃក្រុមហ៊ុន។

 

កម្មវិធីនេះ ប្រព្រឹត្ដទៅក្នុងសាលប្រជុំ ផល គួច នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក​ ក្រោមអធិបតីភាព​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ប្រមាណ​ជាង ៥០០​ ​នាក់។

 

​​ដោយមានការយកចិត្ដ​ទុកដាក់ខ្វាយខ្វល់ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន​ ពិសេសពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្ទាល់ផងនោះ ​​ក្នុងកិច្ចប្រជុំ​ដោយអត្ថន័យនេះ​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង បានឱ្យដឹងពីភាពរីកចម្រើនរបស់ក្រុមហ៊ុន និងផែនការការងារ​ថ្មីៗសម្រាប់ទិសដៅនៅឆ្នាំបន្ដបន្ទាប់។​ ក្នុងនោះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ក៏បានជំរុញដល់បុគ្គលិកទាំងអស់ឱ្យបន្ដខិតខំប្រឹងប្រែង​បំពេញការងារ និង​កាតព្វកិ​ច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន​ ដោយគោរពតាមវិន័យ និងបទបញ្ញត្ដិរបស់ក្រុមហ៊ុន។ ដូចគ្នានេះដែរ បុគ្គលិកត្រូវរក្សាឱ្យបាននូវ​​ សេវាកម្ម វិន័យ និងច្បាប់ទម្លាប់ ហេដ្ឋារចនាសម្ពន្ធ ​​សុខុមាលភាព​ ​និងចៀសវាង​ធ្វើការងារ​រួចពីដៃ​ដែលអាចបំផ្លាញទាំងក្រុមហ៊ុន និង​នាំឱ្យខូចអនាគតខ្លួនឯងថែមទៀតផង។

 

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឱ្យ​បន្ដ អភិវឌ្ឍសមត្ថភាពរបស់ខ្លួននិងការងារបន្ថែមទៀត ដោយបុគ្គលិកទាំងអស់អាចការស្វែងរកចំណេះដឹងថ្មី​តាមរយៈ​ការសិក្សាបន្ដបរិញ្ញាបត្រ ឬរៀនជំនាញផ្សេងៗជាដើម ដើម្បីដើរឱ្យទាន់សម័យកាលនៃការរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន។

 

សូមជម្រាបជូនថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់លើការអប់រំប្រកបដោយគុណភាពខ្ពស់ វិន័យ និងសេវាកម្ម។ ដោយបច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានក្រុមហ៊ុនចំនួន៤ធំៗ គឺ

១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ចិន និងភាសាថៃ។

២- សាលារៀន អន្តរទ្វីប អាមេរិកាំង AIS  មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។

៣- SOGO សេវាកម្មទៅសិក្សានិងទស្សនកិច្ចនៅក្រៅប្រទេស

៤-i-Learn កម្មវិធីសិក្សាភាសាអង់គ្លេសតាមរយៈប្រព័ន្ធអនឡាញ។

អត្ថបទដោយ៖ អឿ ស៊ីណា