ប្រភពរូបភាព៖ The Straits Times
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក គីម កាលពីថ្ងៃអាទិត្យ បានត្រួតពិនិត្យកិច្ចប្រជុំពេញអង្គលើកទី៧នៃគណៈកម្មាធិការមជ្ឈិមទី៨នៃគណបក្សពលករកូរ៉េ ដោយបានពិនិត្យគម្រោងអភិវឌ្ឍន៍ជនបទ ហើយនៅថ្ងៃដំបូងនៃកិច្ចប្រជុំ ព័ត៌មានលម្អិតមួយចំនួន ក៏ត្រូវបានផ្តល់ឱ្យផងដែរ។
បើតាមសេចក្តីរាយការណ៍ កិច្ចប្រជុំនេះ គឺជាកិច្ចការសំខាន់ និងបន្ទាន់បំផុតក្នុងការបង្កើតយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ការអភិវឌ្ឍកសិកម្មរបស់កូរ៉េខាងជើង កំលុងពេលមានក្តីបារម្ភជុំវិញវិបត្តិស្បៀង និងមនុស្សធម៌។
កាលពីដើមខែកុម្ភៈ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងអំពីស្ថានភាពស្បៀងអាហាររបស់ប្រទេសបងប្អូនខ្លួន ដោយលើកឡើងថា វាហាក់ដូចជាកាន់តែយ៉ាប់យ៉ឺនទៅៗ។
មិនតែប៉ុណ្ណោះ កម្មវិធី 38 North ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាកម្មវិធីតាមដានប្រទេសកូរ៉េខាងជើង ក៏បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីខែមករាដែរថា ស្បៀងអាហាររបស់ប្រទេសកូរ៉េខាងជើង ទំនងជាបានធ្លាក់ចុះក្រោមកម្រិតអប្បបរមា ហើយអសន្តិសុខស្បៀងគឺអាក្រក់បំផុតចាប់តាំងពីគ្រោះទុរ្ភិក្សឆ្នាំ១៩៩០។
យោងតាមការចេញផ្សាយពីសារព័ត៌មាន The Straits Times ប្រទេសកូរ៉េខាងជើង បានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងបំផុតជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាណិជ្ជកម្មតាមព្រំដែនស្ទើរតែត្រូវបានបិទទាំងស្រុង ដោយសារការបិទខ្ទប់ក្នុងគោលបំណងទប់ស្កាត់ជំងឺរាតត្បាតកូវីដ៕