ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានប្រកាសណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់ ឱ្យហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ គ្មានសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជា លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ។ល។
ជាមួយគ្នា ក្រសួងណែនាំដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ឱ្យរៀបចំបែងចែកការទទួលខុសត្រូវតាមថ្ងៃ តាមវេន ដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ ជាពិសេស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។
បន្ថែមពីនេះ ក្រសួងក៏បានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនទាំងអស់ ឱ្យសហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានាពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា។
សូមជម្រាបថា ការប្រកាសណែនាំខាងលើ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន៖ លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ទៅលើគ្នាទៅវិញទៅមក ដោយគ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាព៕
អត្ថបទដោយ៖ យឺន សីហា