សុខភាព Apr 07, 2024

ក្រសួងសុខាភិបាលប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារសុខភាពអំឡុងអាកាសធាតុក្ដៅខ្លាំង

image

ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយស្ថានភាពនៃការប្រែប្រួលអាកាសធាតុ បណ្ដាលឱ្យមានអាកាសធាតុក្ដៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើនផ្សេងទៀត។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ធាតុអាកាសនៅប្រទេសកម្ពុជា សម្រាប់តំបន់វាលទំនាបធាតុអាកាសនឹងអាចកើនឡើងដល់ ៣៧អង្សាសេ តំបន់មាត់សមុទ្រកើនដល់ ៣៦អង្សាសេ រីឯតំបន់ខ្ពង់រាបនឹងអាចកើនរហូតដល់ ៣៩អង្សាសេ។

ក្រសួងកត់សម្គាល់ថា ក្នុងអំឡុងដែលអាកាសធាតុក្ដៅខ្លាំងបែបនេះ នឹងអាចធ្វើឱ្យបុគ្គលដែលមានហានិភ័យខ្ពស់ ដូចជា មនុស្សចាស់ ទារក កុមារ ស្រ្តីមានផ្ទៃពោះ អ្នកធ្វើការងារនៅលម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ អាចធ្លាក់ខ្លួនឈឺដោយសារកម្ដៅ។ ពេលអាកាសធាតុក្ដៅខ្លាំង អាចបណ្ដាលឱ្យមានរោគសញ្ញាមួយចំនួន ដូចជា ការបែកញើសខ្លាំងខុសពីធម្មតា អស់កម្លាំង ឈឺរមួលប្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីជូនព័ត៌មានខាងក្រោមនេះ៖