ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (Mengly J. Quach Education) ដែលជាស្ថាប័នអប់រំឯកជនដ៏លេចធ្លោមួយនៅកម្ពុជា ទទួលបានពានរង្វាន់ «ការបង្ហាញព័ត៌មានសាជីវកម្មប្រចាំឆ្នាំ ២០២៤» ពីស្ថាប័ន និងប្រតិបត្តិករទីផ្សារភាគហ៊ុនប្រចាំនៅកម្ពុជាចំនួនពីរ គឺនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា នៅក្នុងពិធីសម្ពោធពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

ទន្ទឹមនឹងការទទួលបាននូវពានរង្វាន់ខាងលើនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក៏ថែមទាំងទទួលបាននូវប័ណ្ណសរសើរក្នុងនាមជា ក្រុមហ៊ុនដែលមានអភិបាលកិច្ចសាជីវកម្មល្អឆ្នើម ប្រចាំឆ្នាំ ២០២៤ ពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជាថែមទៀតផង។

ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ គោលបំណង នៃការរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២៤ ជាលើកទី៧ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន ក្នុងការបង្ហាញអំពីបច្ចុប្បន្នភាពទីផ្សារ និងបណ្ដុះគំនិតវិនិយោគលើភាគហ៊ុន។ ឯកឧត្ដមអះអាងថា នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា លើកនេះ ក៏មានការផ្ដល់ជូនពិសេសៗជាច្រើនជូនដល់វិនិយោគិនថ្មីៗដែលមានបំណងចង់បើកគណនីជួញដូរ។

ជាមួយគ្នា ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករផ្សារមូលបត្រកម្ពុជា បានថ្លែងថាសេចក្ដីសោមនស្សរីករាយដែលបានចូលរួមពិធីសម្ពោធពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤។ ឯកឧត្ដម ស៊ូ សុជាតិ បានលើកឡើងពីសារៈសំខាន់ក្នុងការវិនិយោគលើផ្សារភាគហ៊ុន អាចចាត់ទុកជាការសន្សំលុយនៅធនាគារដូចគ្នា ប៉ុន្តែអ្នកវិនិយោគ ឬសាធារណៈជនត្រូវចេះថ្លឹងថ្លែងរវាងការសន្សំលុយតាមរយៈការទិញភាគហ៊ុន ក៏ដូចជាការសន្សំលុយនៅធនាគារ។ យ៉ាងណា ឯកឧត្ដម ស៊ូ សុជាតិ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនដែលចុះបញ្ជីជាមួយផ្សារមូលបត្រកម្ពុជា ដោយឯកឧត្ដមសង្កត់ធ្ងន់ថា បើសិនជាគ្មានក្រុមហ៊ុនចុះបញ្ជី ក៏គ្មានផ្សារមូលបត្រកម្ពុជាដែរ។

ជាការកត់សម្គាល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទទួលបានពានរង្វាន់ និងប័ណ្ណសរសើរពីនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា។
បន្ថែមពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានអះអាងថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងខិតខំព្យាយាមបន្តទៀត និងសហការជាមួយផ្សារមូលបត្រ ដើម្បីពន្យល់ និងកៀរគរឱ្យមានការចូលរួមកាន់តែច្រើនពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ លើកទី៧ បានរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា ក្រោមកិច្ចសហការចូលរួម និងគាំទ្រពីស្ថាប័នជាដៃគូ ដែលជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិទាំងវិស័យធនាគារ វិស័យអប់រំ និងវិស័យសំខាន់ៗជាច្រើនទៀត។ ពិព័រណ៍នេះប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤៕


អត្ថបទដោយ៖ យឺន សីហា