ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) គឺជាក្រុមហ៊ុនអប់រំឯកជនឈានមុខគេមួយនៅកម្ពុជា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ជាផ្លូវការ នៅសែនសុខ ជាសាខាទី១៧និង១៨ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ កម្មវិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកសិក្សាគ្រប់លំដាប់ថ្នាក់ និងភ្ញៀវកិត្តិយស ពេញដោយភាពសប្បាយរីករាយ។
លក្ខណៈពិសេសនៃសាខាថ្មីនេះ គឺមានទំហំដី៣ហិកតា សង់អគារធំៗចំនួន៣ មានកម្ពស់៣ជាន់ និង៤ជាន់ គឺអគារកុមារតូចនិងអគារកុមារធំ ហើយទំហំអគារសរុបរហូតដល់៧៤៤០ម៉ែត្រការ៉េ មានបន្ទប់រៀនចំនួន៤២ អាចដាក់សិស្សបានចំនួន២១០០នាក់។ បរិវេណសាលាធំទូលាយ មានផ្លូវខ្វាត់ខ្វែង សម្ភារៈសិក្សាទំនើបៗ បន្ទប់មានផាសុកភាព អនាម័យ ខ្យល់បរិសុទ្ធ ធានាសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាពតាមស្តង់ដាអន្តរជាតិ។ ក្នុងដី៣ហិកតានេះ គឺ១ហិកតាធ្វើសាលារៀន ១ហិកតាទៀតនឹងធ្វើជាទីលានកីឡា និង១ហិកតាទៀតនឹងធ្វើជាមជ្ឈមណ្ឌលអាជីវកម្ម។ គម្រោងនេះបានធ្វើឱ្យសាខាសែនសុខ ក្លាយជាសាខាធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន MJQE និងអាចថាជាវិទ្យាល័យឯកជនដែលធំជាងគេនៅក្នុងស្រុកខ្មែរ ដែលមានទំហំស្ទើរតែប៉ុនសាកលវិទ្យាល័យទៅហើយ។
មានប្រសាសន៍ក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា៖ «ការរីកសាយសាខានៃសាលារៀន AIS និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក៏ព្រោះតែមាតាបិតា និងអ្នកអាណាព្យាបាលសិស្សមានទំនុកចិត្តនិងបន្តគាំទ្រពួកយើងរហូតមក។ នេះក៏ព្រោះសាលាខ្ញុំមានគុណភាពខ្ពស់ វិន័យតឹងតែង និងសេវាកម្មល្អ មានតម្លៃសមរម្យដែលប្រជាជនទូទៅទទួលយកបាន។ សាលាខ្ញុំមានចងក្រងជាច្បាប់ វប្បធម៌មួយ ប្រព័ន្ធមួយ និងកេរ្តិ៍ឈ្មោះមួយ មានស្តង់ដាប្រតិបត្តិការងារច្បាស់លាស់ មានការមើលខុសត្រូវគ្រប់ផ្នែក មានគណៈកម្មការចុះត្រួតពិនិត្យ តាមដានប្រចាំខែគ្រប់សាខាទាំងអស់។ ពិសេស លោកគ្រូអ្នកគ្រូមានគរុកោសល្យ មានបទពិសោធបង្រៀន និងចំណេះដឹងទូលំទូលាយ។ ចំណែកកម្មវិធីសិក្សា គឺយើងយកកម្មវិធីសិក្សារដ្ឋមកអភិវឌ្ឍបូកបញ្ចូលនឹងកម្មវិធីសិក្សារបស់អាមេរិកាំង រួមទាំងការសិក្សានៅបណ្ណាល័យ ការបណ្តុះបណ្តាលហ្វឹកហ្វឺនគ្រូ មានកីឡាច្រើនប្រភេទ ក្លឹបសិក្សា មានបំនិនជីវិតច្បាស់លាស់ និងសកម្មភាពផ្សេងៗដែលធ្វើឱ្យសិស្សសកម្ម ស្រឡាញ់ការសិក្សា ហើយចេះចូលរួមក្នុងសង្គម ព្រមទាំងមានមជ្ឈមណ្ឌលសុខភាពសិស្សទៀតផង»។
សូមបញ្ជាក់ថា ក្នុងឱកាសបើកសាខាសែនសុខនេះដែរ សាលានឹងផ្តល់អាហារូបរណ៍ចំនួន៤០% ដល់សិស្សានុសិស្សដែលមកចុះឈ្មោះលឿនមុនថ្ងៃកំណត់ ហើយមកជាក្រុម រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត។ វគ្គសិក្សាថ្មីរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) នឹងចូលរៀនត្រៀមឆ្នាំសិក្សាថ្មីនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក៏ដូចជាឆ្នាំសិក្សាថ្មី២០២៣-២០២៤ នឹងចាប់ផ្ដើមចូលរៀននាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ៕
អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន