ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ — ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានរៀបចំ មហាសន្និបាតភាគហ៊ុនិកសាមញ្ញ លើកទី២ (AGM) របស់ខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំហ្សូម ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល រួមមាន លោក គួច ផល លោក គួច អាឡិច និងលោកជំទាវ អ៊ឹង លីហុង ដែលជាអភិបាលប្រតិបត្តិ និងលោក គង់ វ៉ារ៉ា ដែលជាអភិបាលឯករាជ្យ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងមកពីនិយ័តករមូលបត្រកម្ពុជា (SERC) ផ្សារមូលបត្រកម្ពុជា (CSX) គណៈគ្រប់គ្រងក្រុមហ៊ុន និងភាគហ៊ុនិកសាធារណៈជាច្រើនរូប។



របៀបវារៈសំខាន់ៗនៃមហាសន្និបាតរួមមាន ការតែងតាំងសវនករខាងក្រៅសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ការបោះឆ្នោតជ្រើសរើសអភិបាលឯករាជ្យឡើងវិញ និងការអនុម័តលើការបែងចែកភាគលាភឆ្នាំ២០២៤ ។
ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ
នៅឆ្នាំ២០២៤ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើងចំនួន ១៤.៥ពាន់លានរៀល កើនឡើង ១០ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញដុលក៏បានកើនឡើងចំនួន ៣ពាន់លានរៀលផងដែរ កើនឡើង ៨.៤% ធៀបនឹងឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីប្រតិបត្តិការស្នូលដ៏រឹងមាំស្របពេលនឹងការពង្រីកវិសាលភាពជាបន្តបន្ទាប់។

ការពង្រីកខ្លួនជាបន្តបន្ទាប់
យុទ្ធសាស្ត្រដ៏រីកចម្រើនរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នៅតែសបញ្ជាក់ឱ្យឃើញតាមរយៈ គម្រោងសាងសង់ពង្រីកសាខានៅឆ្នាំ២០២៤។ ក្រុមហ៊ុនបានសម្ពោធអគារមជ្ឈមណ្ឌលមណ្ឌលភាសា អេ អាយ អាយ (Aii) ថ្មីនៅសាខាជ្រោយចង្វានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់មកសម្ពោធអគារនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ថ្មី នៅសាខាចោមចៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ។ លើសពីនេះ អគារសិក្សាចំនួន៤សាខាបន្ថែមទៀតត្រូវបានបើកសម្ពោធ និងបើកដំណើរការ នៅសាខាចំការដូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ និងសាខាទួលសង្កែ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤។
ដើម្បីគាំទ្រដល់ការពង្រីករបស់ខ្លួនក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន ម.ក បានជួលអចលនទ្រព្យរយៈពេលវែងបន្ថែមជាច្រើនទីតាំង។ ការជួលទាំងនេះរាប់បញ្ចូលទាំងការជួលរយៈពេល២៥ឆ្នាំ សម្រាប់អគារសិក្សាថ្មីបន្ថែមនៅសាខាផ្សារថ្មី ការជួលអចលនទ្រព្យរយៈពេល៣០ឆ្នាំ នៅសាខាចាក់អង្រែ និងការជួលអចលនទ្រព្យរយៈពេល៥០ឆ្នាំ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ អចលនទ្រព្យទាំងនេះត្រូវបានកំណត់សម្រាប់ការពង្រីកសាខានាពេលអនាគត ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦ដល់ ឆ្នាំ២០២៧ ។
សេចក្ដីសម្រេចនៃមហាសន្និបាតភាគហ៊ុនិកសាមញ្ញ លើកទី២
១. ការជ្រើសតាំងសវនករឯករាជ្យ៖ ភាគហ៊ុនិកបានយល់ព្រមលើការជ្រើសតាំងក្រុមហ៊ុន Ernst & Young (Cambodia) Ltd. ជាសវនករឯករាជ្យរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក សម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដោយមានសំឡេងគាំទ្រ ៩៩.៩៨%។
២. ការជ្រើសតាំងអភិបាលឯករាជ្យឡើងវិញ៖ ភាគហ៊ុនិកបានយល់ព្រមលើការជ្រើសតាំងលោក គង់ វ៉ារ៉ា ជាអភិបាលឯករាជ្យសម្រាប់អាណត្តិទីពីរ (ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៩) ដោយទទួលបានសំឡេងគាំទ្រ ៩៩.៩៨%។
៣. ការបែងចែកភាគលាភ៖ ភាគហ៊ុនិកបានអនុម័តលើការបែងចែកភាគលាភដែលបានស្នើឡើង ជាមួយនឹងសម្លេងគាំទ្រ៩៩.៩៨%។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖
ប្រភេទនៃភាគលាភ៖ សាច់ប្រាក់
ប្រភពនៃភាគលាភ៖ ប្រាក់ចំណេញសុទ្ធនៃឆ្នាំ ២០២៤ និងប្រាក់ចំណេញបង្គរទុក
ការបែងចែកភាគលាភសរុប៖ ប្រាក់រៀល ១៧,៥៩២,៣២៧,៩១៧
(៤,៣៩៥,៤២៧.២៩ ដុល្លារសហរដ្ឋអាមេរិក)
ភាគលាភក្នុងមួយហ៊ុន៖ ១៤៥.៦០រៀល (០.០៣៦៣៧ ដុល្លារសហរដ្ឋអាមេរិក) ៥១.៣៩រៀល
(០.០១២៨៤ ដុល្លារសហរដ្ឋអាមេរិក)សម្រាប់ម្ចាស់ភាគហ៊ុន ១១ នាក់
សមាមាត្រទូទាត់ភាគលាភ៖ ១៣២.៨៤%
អតីតភាគលាភ ឬអតីតសិទ្ធិ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥
កាលបរិច្ឆេទកត់ត្រាភាគលាភ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
កាលបរិច្ឆេទទូទាត់ភាគលាភ៖ ថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥
រូបិយប័ណ្ណទូទាត់ភាគលាភ៖ ដុល្លារអាមេរិក (៤,០០៣រៀល ក្នុង ១ដុល្លារ)
ការទទួលស្គាល់សាជីវកម្ម
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានកិត្តិយសទទួលបានពានរង្វាន់ «ការបង្ហាញព័ត៌មានសាជីវកម្មឆ្នើម ប្រចាំឆ្នាំ២០២៤» ប្រគល់ជូនដោយផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះតម្លាភាព និងទំនាក់ទំនងវិនិយោគិន៕

