Stand with Cambodia — Together for Our Future
សង្គម Apr 05, 2024

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រៀបចំពិធីសូត្រមន្តដំឡើងរាសី សិរីមង្គលក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង

image

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសូត្រមន្តដំឡើងរាសី ប្រោសព្រំសិរីសួស្តីក្នុងឱកាសចូលឆ្នាំថ្មី ដើម្បីផ្ដល់ពរជ័យសិរីមង្គលជូនដល់ស្ថាប័ន លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងសិស្សានុសិស្សទាំងអស់ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨។

ពិធីសូត្រមន្តដំឡើងរាសីនេះ មានវត្តមានចូលរួមពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ព្រមទាំងលោកជំទាវ និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (Mengly J. Quach Education) ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS)សរុបប្រមាណជិត២០០នាក់។​

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តែងតែរៀបចំពិធីសូត្រមន្តដំឡើងរាសីនៅអំឡុងខែមេសា ដើម្បីលើករាសីជូនដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់ ហើយឆ្នាំនេះជាការរៀបចំលើកទី១៥ហើយ”។​​

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច​ ម៉េងលី បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំរោង ជួយថែរក្សាក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បុគ្គលិកគ្រប់ផ្នែក និងលោកគ្រូ អ្នកគ្រូទាំងអស់ សូមឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងធ្វើដំណើរទៅណាមកណាមានសុវត្ថិភាពគ្រប់ពេលវេលា។

ក្នុងនាមជាថ្នាក់ដឹកនាំមជ្ឈមណ្ឌលភាសា អេ​ អាយ អាយ និងជាបុគ្គលិករបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកស្រី នៅ សុជ្ជណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាសែនសុខ បានបង្ហាញអារម្មណ៍សោមនស្សរីករាយ ដែលក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះទំនៀមទម្លាប់វប្បធម៌ខ្មែរ ជាពិសេសក្រុមហ៊ុនតែងតែរៀបចំពិធីសូត្រមន្តដំឡើងរាសីលើករាសីជូនដល់បុគ្គលិក។

គួរឱ្យដឹងថា ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ជាពិធីដែលប្រារព្ធឡើងទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយការនិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងសូមទេវតាឆ្នាំថ្មី ជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ និងសេចក្តីចម្រើន។

សូមបញ្ជាក់ផងដែរថា ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម “មហោទរាទេវី” នឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២៖១៧នាទី និង២៤វិនាទីយប់៕

អត្ថបទដោយ៖ យឺន សីហា