ពាក់ព័ន្ធនឹងបញ្ហានេះ បញ្ជាក់ថា ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការទុលទ្រតួខ្លោងទ្វារខាងជើង ស្ថិតនៅរួតទី២ របស់ប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។
យ៉ាងណា ក្រុមអ្នកជំនាញ ពន្យល់ថា ការងារទុលទ្រនេះ ធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងធ្វើការបិតបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផងដែរ។
សូមជម្រាបជូនថា ប្រាសាទមេបុណ្យខាងកើត គឺស្ថិតនៅចំកណ្តាលយសោធរតដាក មានចម្ងាយប្រហែល៥០០ម៉ែត្រពីប្រាសាទប្រែរូប ដែលសព្វថ្ងៃបានគោកក្លាយជាវាលស្រែ និងមានអ្នកស្រុករស់នៅតាំងពីបុរាណមក ដែលមានឈ្មោះភូមិថា «ប្រដាក») ប៉ុន្តែសព្វថ្ងៃ ហៅថា «ព្រះដាក់» ទៅវិញ។ កាលពីដើម បើគេចង់ទៅប្រាសាទនេះបាន គឺទាល់តែជិះទូក។ បច្ចុប្បន្ន ប្រាសាទមេបុណ្យកើត ក្រៅពីទាក់ទាញទេសចរ អ្នកសិក្សាស្រាវជ្រាវ ក៏បានក្លាយជាទីសក្ការៈដែលអ្នកស្រុកនៅជុំវិញប្រាសាទមានជំនឿជាក់ថាពូកែស័ក្តិសិទ្ធិក្នុងការរៀបចំពិធីសុំទឹកភ្លៀងជារៀងរាល់ឆ្នាំទៀតផង៕