ប្រភពរូបភាព៖ The Straits Times
យោងតាមសារព័ត៌មាន The Straits Times គ្រោះរញ្ជួយដីកាលពីម្សិលមិញ មានកម្រិត៦,៤រ៉ិចទ័រ និងបានវាយប្រហារក្នុងជម្រៅ១០គីឡូម៉ែត្រ ស្ថិតក្បែរក្រុង Antakya ភាគខាងត្បូងប្រទេសតួកគី ហើយរំញ័រក៏ត្រូវបានទទួលអារម្មណ៍នៅក្នុងប្រទេសស៊ីរី អេហ្ស៊ីប និងលីបង់ផងដែរ។
អភិបាលក្រុង Hatay លោក Lutfu Savas បានប្រាប់ទូរទស្សន៍ HaberTurk ថា លោកបានទទួលរបាយការណ៍អំពីមនុស្សមួយចំនួនដែលបានជាប់គាំងនៅក្រោមគំនរបាក់បែក បន្ទាប់ពីរញ្ជួយដីចុងក្រោយនេះ ហើយរដ្ឋមន្ត្រីមហាផ្ទៃលោក Suleyman Soylu បាននិយាយថា មនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និងជាង២០០នាក់ផ្សេងទៀតរងរបួស។
នៅប៉ុន្មានម៉ោងមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីថា ក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយតាមតម្រូវការ ខណៈការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្ន គឺឆ្ពោះទៅរកការផ្តល់ជម្រកបន្ទាន់ និងការងារសាងសង់ឡើងវិញ។
បើតាមប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គេន (Recep Tayyip Erdogan) ការងារសាងសង់អាផាតមិនជិត២០០ ០០០ខ្នងនៅក្នុងខេត្តចំនួន១១នៃប្រទេស នឹងត្រូវចាប់ផ្តើមនៅខែក្រោយ៕
ប្រភពរូបភាព៖ The Straits Times