ប្រភពរូបភាព៖ Al Jazeera
យោងតាមសារព័ត៌មាន Al Jazeera ទូកនេះ បានធ្វើដំណើរចេញពីប្រទេសតួកគីនៅប៉ុន្មានថ្ងៃមុន ជាមួយមនុស្សប្រហែល១៤០ទៅ១៥០នាក់ ដែលភាគច្រើនជាជនចំណាកស្រុកមកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀត។
ជាយថាហេតុ ទូកដដែលបានជួបប្រទះនឹងអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការលិចលង់តែម្តង នៅជិតរមណីយដ្ឋានមាត់សមុទ្រ Steccato di Cutro ស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃតំបន់ Calabria។
បើគិតត្រឹមរសៀលថ្ងៃអាទិត្យ ចំនួនអ្នកស្លាប់បណ្តោះអាសន្នមានចំនួន៥៩នាក់ ក៏ប៉ុន្តែចំនួននេះ ត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀត ខណៈអ្នកនៅរស់រានមានជីវិតម្នាក់ ក៏ត្រូវបានចាប់ខ្លួនពីបទជួញដូរជនចំណាកស្រុកផងដែរ។
ប្រភពរូបភាព៖ BBC
លោកស្រី Manuela Curra មន្ត្រីរដ្ឋាភិបាលតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នៅក្នុងចំណោមមនុស្សទាំងអស់ យ៉ាងហោចណាស់៨១នាក់បានរួចជីវិត ហើយ២០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជុំវិញហេតុការណ៍នេះ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានលើកឡើងយ៉ាងដូច្នេះ «ជនចំណាកស្រុកទាំងអស់ ភាគច្រើនគឺមកពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់ ដោយពួកគេបានព្យាយាមភៀសខ្លួនចេញពីស្ថានភាពដ៏លំបាកខ្លាំង»។
ទន្ទឹមនឹងនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក៏បានសម្តែងការសោកស្ដាយជាខ្លាំងផងដែរចំពោះសោកនាដកម្មដែលបានកើតឡើង ហើយបានអំពាវនាវឱ្យមានវឌ្ឍនភាពលើកំណែទម្រង់ដែលជាប់គាំងនៃច្បាប់សិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុប។
ប្រភពរូបភាព៖ BBC
គួរបញ្ជាក់ថា សោកនាដកម្មចុងក្រោយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលស្តាំនិយមរបស់ប្រទេសអ៊ីតាលីជំរុញឱ្យមានការអនុវត្តច្បាប់ថ្មីដ៏ចម្រូងចម្រាសស្តីពីការជួយសង្គ្រោះជនភៀសខ្លួន និងជនចំណាកស្រុក។ ច្បាប់នេះ បង្ខំឱ្យទូកជួយសង្គ្រោះធ្វើការតែមួយជើងប៉ុណ្ណោះ ដែលអ្នករិះគន់បាននិយាយថា វាបង្កហានិភ័យអំពីការកើនឡើងនៃចំនួនលិចលង់នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។
កន្លងមក ជនចំណាកស្រុក និងជនភៀសខ្លួនជាច្រើននាក់ បានព្យាយាមចាកចេញពីប្រទេសរបស់ខ្លួន ដោយធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដែលជាផ្លូវមួយត្រូវបានគេចាត់ទុកថា ជាផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ហើយកាលពីឆ្នាំ២០២២ មនុស្សយ៉ាងហោចណាស់២ ៨៣៦នាក់បានស្លាប់ ដោយសារតែការឆ្លងកាត់តំបន់នេះ៕