ពាក់ព័ន្ធការប្រកួតនេះ កញ្ញា អ៊ឺង មុយឡេង ប្រធានគ្រូផ្នែកភាសាចិន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាជ្រោយចង្វារ បានឱ្យដឹងថា កម្មវិធីការប្រកួតល្បឿនសរសេរពាក្យម៉េងលី ជេ.គួច លើកទី ៤ ធ្វើឡើងក្នុងគោលបំណង ចង់ឱ្យសិក្សានុសិស្សអាចសរសេរពាក្យឱ្យបានច្រើនក្នុងរយៈពេលខ្លី ជាពិសេស គឺបណ្តុះនូវភាពក្លាហានដល់សិស្សានុសិស្ស ជាពិសេស បណ្តុះភាពក្លាហាន ទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មីៗ បង្កើនល្បឿនក្នុងការសរសេរ។
កញ្ញា អ៊ឺង មុយឡេង បាននិយាយថា៖ «ដំណើរការក្នុងការប្រកួត ដំបូងតម្រូវឱ្យសិស្សានិសិស្សប្រកួតក្នុងវគ្គជម្រុះ ដោយក្នុងមួយកម្រិតធំៗយក១២នាក់ បន្ទាប់មកពួកតម្រូវឱ្យប្រកួតនៅលើឆាកដើម្បីជម្រុះស្វែងរកម្ចាស់ជ័យលាភី ហើយនៅទីបំផុត យើងរកឃើញជើងខ្លាំងចំនួន ៣រូប ដោយម្ចាស់ពានរង្វាន់លេខ១ បានទៅលើ បេក្ខជន សុខ ប៊ុនឆាយ មកពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាទួលគោក ខណៈលេខ២ បានទៅលើ បេក្ខជន រ៉េន ជាហេង មកពីសាខាផ្សារថ្មី និងលេខ ៣បានទៅលើ បេក្ខជន ជួ ឧត្តមមុនីរ័ត្ន មកពីសាខា ម៉ៅសេទុង។»
សូមជម្រាបថា ក្នុងការប្រកួតនេះផងដែរ សិស្សដែលទទួលបាន ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ អាហារូបករណ៍១០០% មេដាយមាស បណ្ណសរសើរ ហើយលេខ២ ទទួលបានមេដាយប្រាក់ អាហារូបករណ៍៧៥% បណ្ណសរសើរ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ និងវត្ថុអានុស្សាវរីយ៍ជាច្រើនទៀត៕