អប់រំ Apr 03, 2024

បុណ្យចូលឆ្នាំខ្មែរ៖ ក្រសួងណែនាំឱ្យសាលារដ្ឋ និងឯកជនរៀបចំឱ្យមានការលេងល្បែង និងរបាំប្រជាប្រិយ

image

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ រៀបចំឱ្យមានការលេងល្បែង និងរបាំប្រពៃណីខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ គោលបំណងធំរបស់ក្រសួងដែលណែនាំឱ្យរៀបចំបែបនេះ ដើម្បីជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អប់រំ យុវជន និងកីឡា ចេញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នា ក្រសួងបានណែនាំឱ្យនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយខ្មែរមួយចំនួន ដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្ដើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ក្រៅពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលឱ្យកុមារ សិស្សានុសិស្ស និងយុវជន លេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ទន្ទឹមគ្នា ក្រសួងប្រកាសឱ្យគ្រប់សាលារដ្ឋ និងឯកជន ត្រូវហាមឃាត់ និងទប់ស្កាត់រាល់ការលេងល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួន ដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជា ការដុត ឬបាញ់ផាវ ការបាញ់ទឹក ជះទឹក លាបម្សៅជាដើម។ ពោល ក្រសួងឱ្យនៅតាមសាលារដ្ឋ និងឯកជន ត្រូវសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។

ជាការកត់សម្គាល់ ចំពោះសាលារៀនអន្តរទ្វីបអាមេរិកកាំង(AIS) និងមជ្ឃមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាគ្រឹះស្ថានឯកជនឈានមុខគេមួយ បានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយ ដើម្បីចែករំលែកភាពសប្បាយរីករាយ ក្នុងការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយបានក្រសោបនូវមរតកវប្បធម៌របស់ជាតិ៕

អត្ថបទដោយ៖ យឺន សីហា