សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននៅកម្ពុជាមានឱកាសជួបជុំគ្នាដែលមានអ្នកចូលរួមរហូតដល់រាប់ពាន់នាក់ដែលករណីនេះ សម្ដេចតេជោ បញ្ជាក់ថា ដោយសារតែកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ-១៩ដែលកើតនៅក្នុងប្រទេស។ យ៉ាងនេះក្តី សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា កម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ព្រមទាំងមិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះទេ។ សម្ដេចបន្ថែមថា កម្ពុជាជាប្រទេសទន់ខ្សោយគឺត្រូវតែមានការប្រុងប្រយ័ត្ន។ សម្ដេចបន្ថែមថាប្រសិនបើកម្ពុជាចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺផ្ដាសាយធម្មតាកម្ពុជាក៏មិនអំពាវនាវឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងបន្តនោះដែរ។
ករណីនេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈបានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកមិនទាន់ប្រកាសនៅឡើយទេថា ជំងឺកូវីដ-១៩នេះ គឺជាជំងឺផ្ដាសាយធម្មតា។ អ្នកឧកញ៉ាបញ្ជាក់ថា ផ្ដាសាយគឺមានប្រភេទផ្សេងៗគ្នា ហើយផលប៉ះពាល់គឺផ្សេងៗគ្នា។ ករណីនេះលោកជំរុញឱ្យប្រជាពលរដ្ឋយល់មូលហេតុដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ។ អ្នកឧកញ៉ាបន្ថែមថា ប្រទេសមួយចំនួននៅមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ព្រមទាំងនៅមានស្ថានភាពធ្ងន់ធ្ងរ។ អ្នកឧកញ៉ាចាត់ទុកថា កម្ពុជាមានសំណាងដែលប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ចាក់វ៉ាក់សាំងការពារជំងឺនេះទ្រង់ទ្រាយធំធ្វើឱ្យប្រជាពលរដ្ឋស៊ាំជាមួយជំងឺកូវីដ-១៩នេះ។
យ៉ាងនេះក្តីលោកថា កម្ពុជាមិនអាចខ្វះការប្រុងប្រយ័ត្នបានទេ ព្រោះមានជនបរទេសដែលរស់នៅក្នុងប្រទេសដែលនៅមានអ្នកឆ្លងជំងឺនេះ បានចេញ ចូលមកប្រទេសកម្ពុជាផងដែរ ដែលទាមទារឱ្យប្រជាពលរដ្ឋត្រូវតែបន្តអនុវត្តវិធានការ៣កុំ ៣ការពារដដែល។
អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា ការបន្តអនុវត្តវិធានការ ៣កុំ ៣ការពារនេះ គឺមិនមែនការពារបានតែជំងឺកូវីដ-១៩នោះទេ គឺការពារបានជំងឺជាច្រើនទៀតដូចជា ផ្ដាសាយបក្សី និងផ្ដាសាយប្រភេទផ្សេងទៀតផងដែរ។
ជាមួយគ្នានេះអ្នកឧកញ៉ាក៏ជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បានគ្រប់គ្រាន់ បន្តចាក់វ៉ាក់សាំង ឱ្យបានគ្រប់គ្រាន់ ព្រោះថា ការចាក់នោះគឺមិនទាន់គ្រប់កំណត់ក្នុងការដំណើរការការពារជំងឺកូវីដ-១៩៕