បទយកការណ៍ Sep 06, 2023

ពិធីប្រគល់វិញ្ញាបនបត្រលើកទី២៦ជូនដល់សិស្សានុសិស្សថ្នាក់ទី៦ និងទី៩

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ដែលជាស្ថាប័នអប់រំមួយ​ឈានមុខ​នៅកម្ពុជា ​​ផ្ដោតសំខាន់លើការអប់រំប្រកបដោយគុណភាពខ្ពស់ វិន័យ និងសេវាកម្ម ​បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី២៦ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សា​ ថ្នាក់ទី៦ និងថ្នាក់ទី៩ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន១២៥៦នាក់។

កម្មវិធីនេះ ប្រព្រឹត្ដិទៅក្នុងសាលសហសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ក្រោមអធិបតីភាព​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ព្រមទាំងគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកការិយាល័យនៃ​ក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន ប្រមាណជិត៣០០នាក់។

​​សម្រាប់កម្មវិធីដ៏នក្ខត្តឫក្សប្របកដោយក្ដីរំភើបរីករាយ​នេះដែរ ក៏មានការចូលរួម​សម្ដែង​ក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ ការសម្ដែង​របាំជូនពរ របាំភោគផល គោះត្រឡោក និងការសម្តែងកាយវិការជ័យលក់នំបញ្ចុក ដោយសិស្សា​នុសិស្សនៃសាលារៀន អន្ដរទ្វីប អាមេរិកាំងផងដែរ។

ថ្លែងក្នុងកម្មវិធីដ៏វិសេសវិសាល​ និងអត្ថន័យនេះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង លើកឡើងថា ចំពោះ​​ក្មួយៗដែលមានឱកាសបានរៀនសូត្រ សូមប្រឹងប្រែងរៀនសូត្រឱ្យ​ចេះពិតប្រាកដ​ ពិសេសនេះគឺភាសាជាតិយើង ព្រោះវប្បធម៌ខ្មែរយើងឱ្យ​តម្លៃទៅលើគ្រួសារ និងការអប់រំ។ ក្មួយៗត្រូវរៀនភាសាខ្មែរឱ្យឆ្អិន រៀនឱ្យច្បាស់លាស់ រៀនឱ្យអាចប្រើការបាន។ កុំរៀនចប់ថ្នាក់ទី១២ ឬរៀនចប់ថ្នាក់​មហាវិទ្យាល័យ តែបែរជាសរសេរអក្សរខ្មែរមិនកើត ហើយ​និយម​​សរសេរកត់ត្រាអក្សរបរទេស​ គឺមិនល្អទេ វាធ្វើឱ្យភាសានិងអក្សរខ្មែរអស់តម្លៃ។​ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា ដើម្បីការរៀនសូត្រទទួលបានជោគជ័យ និងដើរទាន់សម័យកាលប្រទេសកំពុងរីកចម្រើនត្រូវចេះភាសាទាំង​៥ ​រួមមាន​ ភាសាកំណើត​ ភាសាសាកល​ ភាសាបច្ចេកវិទ្យា ​ភាសា​​ជំនាញ​ និងភាសាឈ្លាសារម្មណ៍​។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់បន្ថែមថា នៅពេលដែលក្មួយ​ប្រឹងរៀនសូត្រពិតប្រាកដ នោះក្មួយ​ៗនឹងក្លាយជាអ្នកដឹកនាំគេ បើមិនបានដឹកនាំគេក៏បានដឹកនាំខ្លួនឱ្យបានថ្លៃថ្លា អាចដឹកនាំគ្រួសារឱ្យត្រជាក់ត្រជុំ អាចដឹកនាំសង្គមឱ្យភាពថ្លៃថ្នូរ ហើយអាច​ដឹកនាំនគរឱ្យមានការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះដែរ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ថ្លែងនូវអារម្មណ៍រំភើបរីករាយ និងសូមអរគុណដល់អ្នកអាណាព្យាបាល លោកឪពុកអ្នក​ម្ដាយរបស់សិស្សានុសិស្សដែលតែងតែ​គាំទ្រសាលារៀន អន្ដរទ្វីប អាមេរិកាំង រហូតមក ការគាំទ្រនេះគឺជាកម្លាំងចលករមួយដែលធ្វើឱ្យសាលារៀនកាន់តែមានភាពលេចធ្លោ និងការរីកចម្រើនទៅមុខ។

សូមជម្រាបជូនថា សាលារៀន អន្ដរទ្វីប អាមេរិកាំង​ បង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងឆ្នាំ២០០៥​ ស្របតាមផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំសាលារៀនមួយនេះឱ្យកាន់តែមានវិសាលភាព និងការរីកម្រើនជាបន្ដបន្ទាប់​ ដោយបច្ចុប្បន្ននេះ សាលារៀន អន្ដរទ្វីប អាមេរិកាំង មានសាខាសរុបចំនួន១០ រួមមាន៖

​សាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី សាខាជ្រោយចង្វារសាខាសៀមរាប ​សាខាតាកែវ​ សាខាសែនសុខ និងសាខាច្បារអំពៅ ដែលនឹងបើកសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះ រួមទាំងមាន​សាខាផ្សេងទៀតដែលនឹងមកដល់ពេលឆាប់ៗនេះ។

សូមបញ្ជាក់ជូនផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង AIS  មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។​