លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់ MJQTV ថា រយៈពេលចូលឆ្នាំបីថ្ងៃបូកទាំងថ្ងៃអាទិត្យមួយថ្ងៃទៀតនោះ មានភ្ញៀវទេសចរសរុបទូទាំងប្រទេសបានដើរលេងកម្សាន្តសរុប ៥,១៧ លាននាក់ ដែលគិតជាការចំណាយខ្ទង់ប្រហែលជាង ២៧៥ លានដុល្លារ។ ក្នុងនោះចំណាយទេសចរជាតិប្រមាណ ២៦៤ លានដុល្លារ និងចំណាយទេសចរបរទេសផ្ទៃក្នុងប្រមាណ ១១,៧លានដុល្លារ។ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ខេត្តដែលមានទេសចរចំណាយច្រើនជាងគេមានខេត្តកំពង់ចាម ៥៤លានដុល្លារ, ខេត្តព្រះសីហនុ ៤៨លានដុល្លារ, ខេត្តបាត់ដំបង ៣១លានដុល្លារ, និងខេត្តសៀមរាប ៣០លានដុល្លារ។
លោកបញ្ចាក់ថា បើក្រឡេកមើលចំនួនភ្ញៀវទេសចរ ខេត្តបាត់ដំបងទទួលភ្ញៀវច្រើនជាងគេចំនួនជាង ៦៥ ម៉ឺននាក់ និងបន្ទាប់មកខេត្តកំពង់ចាមមានជាង ៥៤ ម៉ឺននាក់។ ប៉ុន្តែបើគិតជាការចំណាយរបស់ភ្ញៀវទេសចរ ខេត្តកំពង់ចាមមានចំនួនច្រើនជាងដល់ទៅ ៥៤ លានដុល្លារ ដោយសារខេត្តនេះទំនងជាមានប្រភេទអ្នកទេសចរស្នាក់នៅ ១ យប់ (Overnight Visitors) លក្ខណៈគ្រួសារ និងជាក្រុមច្រើន ឯខេត្តបាត់ដំបងត្បិតថាមានកន្លែងកម្សាន្តបែបកសិទេសចរណ៍ច្រើនក៏ពិតមែន តែអាចសម្បូរតែអ្នកទេសចរកម្សាន្តវិលល្ងាច (Sam-day Visitors) ដោយទទួលចំណូលពីភ្ញៀវទេសចរប្រមាណ ៣១ លានដុល្លារ។
ស្រដៀងគ្នានឹងការលើកឡើងខាងលើដែរ លោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម នៅកៀកនឹងក្រុងភ្នំពេញជាងគេ ដែលតភ្ជាប់គ្នាតាមផ្លូវជាតិលេខ ៦ មុនទៅដល់បណ្តាខេត្តគោលដៅទេសចរណ៍ផ្សេងទៀតដូចជា កំពង់ធំ និងសៀមរាប។ ដូច្នេះភ្ញៀវទេសចរអំឡុងពេលចូលឆ្នាំ អាចនឹងមានភាពងាយស្រួលក្នុងការមកលេងក្នុងខេត្តនេះ ដែលធ្វើឱ្យការចំណាយនៅក្នុងខេត្តច្រើន ពោលគឺទេសចរម្នាក់អាចចំណាយជាមធ្យម ១០០ ដុល្លារ បើតាមការប៉ាន់ស្មានរបស់ក្រសួងទេសចរណ៍។
លោក នាឬទ្ធិ បានបន្តថា តំបន់ទេសចរណ៍សក្តានុពលក្នុងខេត្តនេះមានដូចជា កោះប៉ែន ទឹកឆា ប្រាសាទនគរបាជ័យ និងភ្នំប្រុសភ្នំស្រីជាដើម ដែលសុទ្ធតែមានមនុស្សទៅលេងណែនណាន់តាន់តាប់អំឡុងពេលចូលឆ្នាំ។
អភិបាលរងខេត្តកំពង់ចាម បានបង្ហាញមោទកភាពនិងរីករាយចំពោះសមិទ្ធផលដែលខេត្តទទួលបាន ក្រោយពេលរដ្ឋាភិបាលបានសម្រេចបើកប្រទេសពេញលេញឡើងវិញ ពិសេសវិស័យទេសចរណ៍ក្នុងស្រុកក៏ចាប់ផ្តើមមានសកម្មភាពផុសផុលបន្តិចម្តងៗ ដែលជាសញ្ញាវិជ្ជមានបន្តជម្រុញឱ្យភ្ញៀវទេសចរអន្តរជាតិរឹតតែមានទំនុកចិត្តចូលមកដើរលេងកម្សាន្តក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗនាពេលអនាគត៕
រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម