ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ «សក្ដានុពលនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក» នៅអគារសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ក្នុងវេទិកានេះ មានការចូលរួមជាអធិបតីភាពពី ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកផ្សារមូលបត្រកម្ពុជា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ស៊ីឃ្យួរីធី ម.ក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ភាគហ៊ុនិក ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប។

ថ្លែងក្នុងវេទិកានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានលើកឡើងអំពីសក្ដានុពលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងបង្ហាញសន្ទុះរីកចម្រើនយ៉ាងខ្លាំង។ បច្ចុប្បន្ន មានសិស្សានុសិស្សជាច្រើនកំពុងសម្រុកមកចុះឈ្មោះចូលសិក្សានៅសាលារៀន អេ អាយ អេស (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)ដែលជាកត្តាជំរុញឱ្យប្រាក់ចំណូលក្រុមហ៊ុនកើនឡើង។
ជាមួយគ្នា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានគូសរំលេចអំពីចំណុចដ៏ពិសេសសម្រាប់ភាគហ៊ុនិក ឬអ្នកដែលបានទិញភាគហ៊ុនពីក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងទទួលបានភាគលាភយ៉ាងតិច ៧ភាគរយក្នុងមួយឆ្នាំ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានលើកឡើងថា៖ “ប្រជាពលរដ្ឋខ្មែរ ប្រសិនបើមានប្រាក់កាកតិចតួច គួរតែចាប់ផ្ដើមរៀនវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន ឬទីផ្សារមូលបត្រ (Stock Market) ប្រសើរជាជាងយកប្រាក់ទៅរកស៊ីរបរផ្សេងដែលអាចប្រឈមនឹងការខាតបង់ដើមទុន”។
ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងកោតសរសើរអំពីការចម្រើនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាក់ស្ដែង ក្នុងឆ្នាំ២០២៣ ចំណូលរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកើនឡើងរហូតដល់ទៅប្រមាណ ៤៤ភាគរយ និងប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនមានរហូតដល់ទៅ ១០២ភាគរយ។

ឯកឧត្ដមប្រតិភូ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគួរចូលរួមវិនិយោគលើផ្សារហ៊ុន ឬផ្សារមូលបត្រ ទើបអាចជួយរុញឱ្យទីផ្សារមូលបត្រកម្ពុជាមានភាពរីកចម្រើនដូចទៅនឹងប្រទេសផ្សេងៗទៀត ដែលប្រការនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគដែលបានទិញភាគហ៊ុន ឬម្ចាស់ក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារមូលបត្រ។
លោក លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិ នៃក្រុមហ៊ុនមូលបត្រ អ អេច ប៊ី ស៊ីឃ្យួរីធី ម.ក អះអាងថា យោងតាមការតាមដានទីផ្សារបង្ហាញថា លទ្ធភាពអាជីវកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានកំណើនប្រាក់ចំណូលច្រើនជាងគេបង្អស់ក្នុងចំណោមក្រុមហ៊ុនបានចុះបញ្ជីទាំងអស់នៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានសម្រេច និងស្នើទៅកាន់ភាគហ៊ុនិក ដើម្បីអនុម័តលើការបែងចែកភាគលាភនៃប្រាក់ចំណេញឆ្នាំ២០២៣ ទៅកាន់ភាគហ៊ុនិកជាសាធារណជន ដែលភាគលាភត្រូវបែងចែកជាសាច់ប្រាក់ និងផ្ទេរទឹកប្រាក់ដែលនៅសល់ចូលក្នុងប្រាក់ចំណេញដើម្បីរក្សាទុក។

ភាគហ៊ុនិកស្ថាបនិកនឹងមិនទទួលយកភាគលាភនេះទេ ដោយផ្អែកលើកិច្ចព្រមព្រៀងភាគហ៊ុនិក និងសំណើរបស់ក្រុមប្រឹក្សាភិបាល ដើម្បីរក្សាភាគលាភសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ចំណែកភាគហ៊ុនិកសាធារណៈនឹងទទួលបានភាគលាភ ៧ភាគរយ នៃតម្លៃភាគហ៊ុន ២,០៨០រៀល ពោលគឺ ១ភាគរយ លើសពីចំនួនដែលបានសន្យាមុនពេលក្រុមហ៊ុនចូល IPO៕
អត្ថបទដោយ៖ យឺន សីហា