ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីម្នាក់ទៀត ដែលកើតលើក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ រស់នៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្មេងប្រុសនេះត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ ក្មេងប្រុសខាងលើនេះ មានអាការៈគ្រុនក្ដៅ ក្អក ហត់ ពិបាកដកដង្ហើម និងសន្លឹម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺដដែលនេះ បានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល១២ថ្ងៃមុន ចាប់ផ្ដើមឈឺ នៅក្នុងភូមិ និងនៅផ្ទះអ្នកជំងឺ មានមាន់ទាងាប់ជាច្រើនក្បាល និងជាហូរហែ ហើយបានយកមកធ្វើម្ហូបបរិភោគ ក្មេងប្រុសបានប៉ះពាល់ និងកាន់មាន់ងាប់ ព្រមទាំងចូលចិត្តលេងជាមួយមាន់ទា។
យ៉ាងណា ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី (H5N1) នៅតែបន្តគម្រាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ជាពិសេស ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្ថិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់ទាន់ពេលវេលា៕


អត្ថបទដោយ៖ យឺន សីហា