ព័ត៌មានអន្តរជាតិ Feb 23, 2023

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 ពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី

image

ប្រភពរូបភាព៖ The Moscow Times

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ ​លោក​ B​run​o ​L​e​ ​M​air​e​ ​បាន​និយាយ​មុន​កិច្ចពិភាក្សា​នៅ​ក្រុង​ ​Ben​g​a​l​uru ​ប្រទេស​ឥណ្ឌា​ថា​ ​វិធានការ​ដែល​បាន​ដាក់​រហូត​មកដល់ពេលនេះ​ ​បាន​ទទួលជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​ប្រាក់ចំណូល​ប្រេង​របស់​រុស្ស៊ី​ពាក់កណ្តាល​។​

​លោក​ ​L​e​ ​M​air​e​ ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យ៉ាង​ដូច្នេះ​៖​ ​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​សហរដ្ឋអាមេរិក​ ​លោកស្រី​ ​Jane​t​ ​Yell​e​n ​ក៏​គួរតែ​ពិភាក្សា​អំពី​កញ្ចប់​ថវិកា​មូលនិធិរូបិយវត្ថុអន្តរជាតិ​ថ្មី​ចំនួន​១​៦​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងរយៈពេល​៤​ឆ្នាំ​ដែរ​។​

​កាលពី​ស​ប្តាហ៍​មុន​ ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ ​លោកស្រី​ ​Victor​i​a​ Nu​land​ ​បាន​ឱ្យ​ដឹង​រួច​ទៅ​ហើយ​ថា​ ​សហរដ្ឋអាមេរិក​ ​និង​ស​ម្ព័ន្ធ​មិត្ត​ ​G​7 ​របស់​ខ្លួន​គ្រោង​នឹង​បង្ហាញ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ដ៏​ធំ​មួយ​ ​កំលុង​ខួប​១​ឆ្នាំ​នៃ​ប្រតិបត្តិការ​ណ៍​យោធា​ពិសេស​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ ​រួម​ទាំង​វិធានការ​ដើម្បី​បង្ក្រាប​ការ​គេច​វេ​ស​ពី​ទណ្ឌកម្ម​ដែល​មានស្រាប់​ ​ខណៈ​មន្ត្រី​អាល្លឺម៉ង់​ ​បាន​ដាក់​ការ​រំពឹង​ទុក​ថា​ ​ការ​សម្រេច​ចិត្ត​ណាមួយ​លើ​ការ​ដាក់ទណ្ឌកម្ម​នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​។​

​យោង​តាម​សារ​ព័ត៌មាន​ CN​A​ ​ការរៀបចំ​នេះ​ ​បាន​កើតឡើង​មុន​ការ​ជួបជុំ​របស់​ប្រធាន​ហិរញ្ញវត្ថុ​ ​G​20 ​និង​ប្រធាន​ធនាគារ​កណ្តាល​ក្នុង​ក្រុង​ ​Ben​g​a​l​uru ​ដើម្បី​ពិភាក្សា​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នៃ​ស​ង្រ្គា​ម​ ​និង​ការ​បន្ធូរបន្ថយ​បំណុល​ដែល​អាច​កើតមាន​សម្រាប់​ប្រទេស​ក្រីក្រ​។​

​ជាក់ស្តែង​ ​ការពិភាក្សា​ណាមួយ​អំពី​អ៊ុយ​ក្រែ​ន​ ​គឺ​អាច​នឹង​មាន​ភាព​ឆ្គាំឆ្គង​សម្រាប់​ប្រទេស​ឥណ្ឌា​ដែល​ជា​ម្ចាស់ផ្ទះ​ ​ដោយសារ​ប្រទេស​សមាជិក​មួយ​នេះ​ ​មិនបាន​ថ្កោលទោស​ការឈ្លានពាន​នោះ​ទេ​ ​ហើយក៏​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​ដែរ​ថា​តើ​រុស្ស៊ី​នឹង​មាន​ការចូលរួម​ក​ម្រិ​ត​ណា​ក្នុង​កិច្ចប្រជុំ​ ​G​20​។​

​ទោះជាយ៉ាងណា​ ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រីការបរទេស​ ​G​20 ​នៅ​ក្រុង​ញូ​វ​ដេ​លី​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​២​ ​ខែ​មីនា​ខាងមុខ​ ​អាច​នឹង​មាន​ភាព​តានតឹង​ ​ដោយសារតែ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ​លោក​ S​erg​e​i​ ​L​a​v​ro​v​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូលរួម​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​លោក​ ​Ant​on​y​ ​Blink​e​n​៕​