អប់រំ Jan 31, 2023

សាលារៀន អន្តរទ្វីប អាមេរិកាំង ប្រគល់មេដាយមាស និងរង្វាន់លើកទឹកចិត្តជាច្រើនដល់សិស្សនិទ្ទេស A

image

រូបភាព៖ លីម សុខលីម

​រង្វាន់​លើកទឹកចិត្ត​ដែល​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​ផ្ទាល់​ពីសំណាក់​ ​លោកស្រី​ ​រស់​ ​យ៉ា​ណា​ ​ប្រធាន​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជំនួសមុខ​ឱ្យ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​រួម​មាន​ ​មេដាយ​មាស​និទ្ទេស​A​ ​១​គ្រឿង​ ​កុំព្យូទ័រ​យួរ​ដៃ​ ​១​គ្រឿង​ ​ប​ណ្ណ​សរសើរ​ ​ព្រមទាំង​បាច់​ផ្កា​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ ​លោកស្រី​ ណឹ​ម​ ​កញ្ញា​ ​បង្រៀន​ឯកទេស​រូបវិទ្យា​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ទួល​គោក​ ​បាន​ឱ្យ​ដឹង​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​៖​ ​«​នេះ​ជា​សមិទ្ធផល​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ពួកយើង​ទាំងអស់គ្នា​ ​ដោយ​ពួកយើង​បាន​រួមគ្នា​បង្កើត​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​ឡើង​ ​ហើយ​នាងខ្ញុំ​ក៏ដូចជា​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​បុគ្គលិក​ ​គ្រប់ជាន់ថ្នាក់​ ​គឺ​ពិតជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​ប្អូន​ៗ​ទាំងអស់គ្នា​ដែល​បាន​សម្រេច​នូវ​បំណង​ប្រាថ្នា​របស់​ខ្លួន​ ​ដោយ​ទទួល​បាន​និទ្ទេស​A​ ​ជាង​នេះ​ទៅទៀត​នោះ​ប្អូន​ទាំងអស់គ្នា​នឹង​ត្រូវ​ឈាន​ទៅដល់​ជីវិត​សិក្សា​នៅ​មហាវិទ្យាល័យ​ ​អ្នក​គ្រូ​ជឿជាក់​ថា​ ​ទុន​ជោគជ័យ​នៅ​ថ្នាក់​វិទ្យាល័យ​ ​ប្អូន​នឹង​បន្ត​ភាព​ជោគជ័យ​នៅ​មហាវិទ្យាល័យ​ ​ក៏ដូចជា​ពេល​អនាគត​ផង​ដែរ​។​»​

​ជាមួយនឹង​គ្នា​នេះ​ ​យុវតី​ ហ្គូ​វ​ ​យូ​អ៊ី​ ​តំណាង​សិស្ស​និទ្ទេស​A​ ​ទាំង​១​៨​នាក់​ ​បាន​និយាយ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន​ ​ក៏ដូចជា​ផ្តាំផ្ញើ​ទៅ​សិស្ស​ប្អូន​ថា​ ​សិស្ស​និទ្ទេស​A​ ​ទាំងអស់​ការ​រៀន​គឺ​មិន​ដូចគ្នា​ទេ​។​ ​មិន​ដូចគ្នា​មានន័យ​ថា​ ​ប្អូន​ៗ​មាន​តិចនិក​ ​ឬ​វិធីសាស្ត្រ​រៀន​យក​និទ្ទេស​ល្អ​ ​ទៅតាម​ចំណង់ចំណូលចិត្ត​ ​ដោយ​មិន​ត្រូវ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​ ​រៀន​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក​ ​ភ្លេច​ថែទាំ​សុខភាព​ ​ឬ​រៀន​តាមចិត្ត​នឹកឃើញ​ ​ចង់​រៀន​ក៏​រៀន​ ​មិន​ចង់​រៀន​ក៏​មិន​រៀន​នោះ​ទេ​។​ ​ពោល​គឺ​ចេះ​គ្រប់គ្រង​ពេលវេលា​រៀន​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​ខ្លួនឯង​ ​និង​សួរ​ខ្លួនឯង​ថា​ ​ចូលចិត្ត​រៀន​បែប​ណា​ទើប​ទទួល​បាន​លទ្ធផល​ល្អ​។​

​សិស្ស​ឆ្នើម​និទ្ទេស​A​ ​យុវតី​ ហ្គូ​វ​ ​យូ​អ៊ី​ ​បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​យ៉ាង​ដូច្នេះ​៖​ ​«​អ្វី​ដែល​ខ្ញុំ​ចង់​ផ្តាំផ្ញើ​ទៅ​ប្អូន​ៗ​ជំនាន់​ក្រោយ​ ​សំខាន់​បំផុត​គឺ​ពួកយើង​ត្រូវ​យល់​ពី​ខ្លួនឯង​ឱ្យ​បាន​ច្រើន​ថា​ ​វិធីសាស្ត្រ​មួយ​ណា​ដែល​សក្តិ​សម​ ​នឹង​ខ្លួនឯង​ហើយ​វា​ពិតជា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ចំពោះខ្លួន​ឯង​ ​អ៊ីចឹង​នៅពេលដែល​យើង​រក​ឃើញ​វិធីសាស្ត្រ​ហ្នឹងហើយ​ ​គឺ​យើង​មិនមែន​តែ​ជោគជ័យ​ត្រឹម​ថ្នាក់ទី១​២​ ​ទេ​ ​គឺ​យើង​អាច​ប្រើប្រាស់​វា​ទៅ​ថ្ងៃមុខ​បាន​ទៀត​។​ ​មួយវិញទៀត​ ​ខ្ញុំ​គិតថា​ ​ពួកយើង​ត្រូវតែ​មាន​មហិច្ឆតា​តែ​ក្នុង​ន័យ​នេះ​ ​មិនមែន​បានន័យ​ថា​ ​យើង​ជឿជាក់​ហួសហេតុ​ពេក​ទេ​ ​តែ​ត្រូវ​មាន​គោលដៅ​ខ្ពស់​ ​ហ៊ាន​គិត​ ​ហ៊ាន​ស្រមៃ​ ​ហើយ​ហ៊ាន​ធ្វើ​។​»​

​ជាមួយ​អារម្មណ៍​រំភើប​សប្បាយរីករាយ​មិន​អាច​កាត់ថ្លៃ​បាន​ ​លោក​ ហ្គូ​វ​ ​សេង​អៀវ​ ​ដែល​ត្រូវជា​អ្នកណា​ព្យាបាល​យុវតី​ ហ្គូ​វ​ ​យូ​អ៊ី​ ​បាន​ផ្តាំផ្ញើ​ ​និង​ថ្លែង​អំណរគុណ​ ​ដល់​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដែល​បាន​ផ្តល់​ការអប់រំ​ដែល​សមស្រប​ទៅតាម​កម្មវិធីសិក្សា​ដ៏​មានគុណ​ភាព​។​

លោក​បន្ថែម​ថា​ ​ភាព​ជោគជ័យ​របស់​ស​សិស្ស​ម្នាក់ៗ​ ​កត្តា​សំខាន់​បំផុត​ ​គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សិស្ស​ផ្ទាល់ខ្លួន​ផង​ ​មានការ​តម្រង់​ទិស​ពី​ខាង​សាលា​ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន​។​

​ទន្ទឹម​នឹង​នោះ​លោក​ ហ្គូ​វ​ ​សេង​អៀវ​ ​ក៏បាន​លើកឡើង​យ៉ាង​ដូច្នេះ​៖​ ​«​ការ​បណ្តុះបណ្តាល​សមត្ថភាព​ ​និង​ការអប់រំ​កូន​ ​មិន​ត្រឹមតែ​ជា​បន្ទុក​របស់​សាលា​នោះ​ទេ​ ​ក្នុងនាម​ជា​អ្នកអាណាព្យាបាល​ ​យើង​ក៏មាន​ទំនួល​ខុសត្រូវ​ ​និង​កាតព្វកិច្ច​ចាំបាច់​ផង​ដែរ​ ​ក្នុង​ការចូលរួម​សហការ​ជាមួយ​សាលា​។​ ​បើ​និយាយ​ពី​ការរៀនសូត្រ​កូន​ខ្ញុំ​មិនដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ព្រួយបារម្ភ​ច្រើន​នោះ​ទេ​ ​គាត់​មាន​ភាព​ច្បាស់លាស់​ក្នុង​ការសិក្សា​ ​ក្នុងនាម​ជា​ឪពុក​ ​យើង​តែងតែ​ចង់​ការពារ​កូន​ ​បង្រៀន​គាត់​ពី​មេរៀន​ជីវិត​សំខាន់​ៗ​ ​តែ​ខ្ញុំ​គិតថា​ ​អ្វី​ដែល​យើង​គួរ​ធ្វើ​ក្រៅពី​អាណាព្យាបាល​ ​គឺ​ត្រូវធ្វើ​ជា​មិត្ត​របស់​កូន​ផង​ដែរ​ ​ហើយ​ខ្ញុំ​គិតថា​ ​ក្នុងនាម​ជា​ឪពុក​ម្តាយ​ ​ត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​របស់​កូន​ ​ជាពិសេស​គឺ​ចំណង់ចំណូលចិត្ត​ ​ឬ​ទេពកោសល្យ​របស់​ពួកគេ​ ​គឺ​មិន​ទាក់ទង​តែ​ការ​រៀន​ក្នុង​សាលា​មួយ​មុខ​នោះ​ទេ​។​»​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​លោកស្រី​ ​រស់​ ​យ៉ា​ណា​ ​ប្រធាន​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​បាន​លើកឡើង​ថា​៖​ ​«​ក្នុងនាម​យើងខ្ញុំ​ជា​តំណាង​បុគ្គលិក​សិក្សា​ទាំងអស់​ ​នៃ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ ​លោកស្រី​ ​មាតាបិតា​ ​អ្នកអាណាព្យាបាល​ ​និង​សិស្សានុសិស្ស​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ ​និង​មានទំនុក​ចិត្ត​បន្ត​ការអប់រំ​ជាមួយ​សាលា​យើងខ្ញុំ​។​»​

​លោកស្រី​មើលឃើញ​ថា​ ​ភាព​ជោគជ័យ​របស់​សិស្សានុសិស្ស​នៅ​ថ្ងៃនេះ​ ​គឺ​ចំពោះ​លោកស្រី​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​គណៈ​គ្រប់គ្រង​សាលារៀន​ ​បុគ្គលិក​គ្រប់​ផ្នែក​ ​ក៏ដូចជា​អ្នកណា​ព្យាបាល​ទាំងអស់​ ​គឺ​ពិត​មាន​មាន​អារម្មណ៍​ត្រេកអរ​ ​និង​មាន​មោទនភាព​បំផុត​។​

​ប្រធាន​សាលារៀន​រូប​នេះ​ ​បាន​និយាយ​ថា​៖​ ​«​ប្អូន​ៗ​បន្ត​ចូលរួម​នឹង​ទទួលយក​អ្វី​ដែល​ថ្មី​ ​អ្វី​ដែល​ល្អ​ ​អ្វី​ដែល​ប្រសើរ​សម្រាប់​ខ្លួនឯង​នៅ​ក្នុង​ការចូលរួម​យកមក​ប្រើប្រាស់​ក្នុង​ប្រទេស​យើង​វិញ​ ​ដើម្បី​ឱ្យ​សង្គមជាតិ​យើង​មាន​ភាព​សម្បូរសប្បាយ​ ​ហើយក៏​ដើម្បី​ទាក់ទាញ​ប្អូន​ៗ​ទាំងអស់​ឱ្យ​មានការ​ខំប្រឹង​ ឱ្យ​មានការ​ភាព​ប្រសើរ​ដូចជា​សិស្ស​ច្បង​មុន​ៗ​។​»​

​សូម​ជម្រាប​ជូន​ថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​គឺជា​សាលា​អប់រំ​ចំណេះ​ទូទៅ​ឯកជន​មួយ​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​មាន​កម្មវិធីសិក្សា​បែប​ខ្មែរ​-​អាមេរិកាំង​ ​ចាប់ពី​ថ្នាក់ក្រោម​ម​ត្តេយ្យ​សិក្សា​ដល់​ថ្នាក់ទី១​២​។​ ​បច្ចុប្បន្ន​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​កំពុង​ដំណើរការ​ចំនួន​ ​៦​សាខា​ក្នុង​រាជធានី​ភ្នំពេញ​ ​មួយ​សាខា​នៅ​ខេត្ត​សៀមរាប​ ​និង​មួយ​សាខា​នៅ​ខេត្ត​តាកែវ​ ​នៃ​ប្រទេស​កម្ពុជា​៕​

រូបភាព៖ លីម សុខលីម