ជាក់ស្តែងនៅថ្ងៃទី១ ខែកុម្ភៈនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពចំណីអាហារ» ដល់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី៦ ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការបរិភោគអាហារ ដែលធ្វើឱ្យមានសុខភាពល្អ ទ្រទ្រង់ចំពោះរាងកាយ ប្រាជ្ញា និងស្មារតី។
លោកឡេង សុខអេង ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចង់ឱ្យកុមារយល់ដឹងពីរបបអាហារណាដែលគួរទទួលទានហើយអាចជួយទ្រទ្រង់សុខភាពនិងខួរក្បាល និងអាហារមិនគួរទទួលទានព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពរាងកាយក្នុងវ័យដែលកុមារកំពុងទទួលបានការលូតលាស់។
លោក បាននិយាយថា៖ «សាលារៀនរបស់យើង ធ្វើកម្មវិធីនេះឡើង គឺដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល អប់រំចំណេះដឹង និងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនាពេលអនាគត»។
ចាងហ្វាងរូបនេះមើលឃើញថា ប្រជាជនមួយចំនួនតែជួបប្រទះនឹងបញ្ហាសុខភាពច្រើនករណី ដែលបញ្ហាទាំងអស់នេះ គឺបណ្តាលមកការទទួលទានរបបអាហារពុំទាន់បានត្រឹមត្រូវ ពិសេសកុមារតែម្តង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ទៅលើអាហាររបស់ពួកគេ ដើម្បីថែរក្សាសុខុមាលភាពឱ្យបានល្អតាំងពីនៅជាកុមារភាព។
នៅក្នុងការធ្វើបទបង្ហាញ នាយកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលសុខភាពសិស្ស លោកវេជ្ជបណ្ឌិត និន សុខរស្សី បានណែនាំឱ្យកុមារ បរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ។
លោក មានប្រសាសន៍យ៉ាងដូច្នេះ៖ «អាហារូបត្ថម្ភ គឺសារធាតុចិញ្ចឹមនៅក្នុងអាហារដែលយើងញ៉ាំសម្រាប់ការលូតលាស់និងការអភិវឌ្ឍសុខភាពនិងសុខុមាលភាពជាពិសេសវាន្វើឱ្យយើងកាត់បន្ថយនូវជំងឺជាច្រើន។ បើបរិបរិភោគមានសុខភាពល្អ គឺមានអត្ថប្រយោជន៍ជាច្រើនដូចជា ស្ថិរភាពថាមពល គំនិតអារម្មណ៍ប្រាជ្ញាល្អ ជួយរក្សាទម្ងន់ដែលមានសុខភាពល្អ និងជួយការពារសុខភាពផ្លូវចិត្ត រួមមាន ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងប៉ះពាល់ប្រព័ន្ធប្រសាទ»។
នៅក្នុងបទបង្ហាញលោក ក៏បានហាមប្រាមមិនឱ្យសិស្សបរិភោគអាហារមួយចំនួនរួមមាន អាហារដែលងាយចំអិន ឬហៅថា Fast Food ដូចជាប៊ឺហ្គ័រ សេនវ៉ិច និងទឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ងាយឡើងទម្ងន់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
សូមជម្រាបជូនថា យុទ្ធនាការសុវត្ថិភាពចំណីអាហារដល់កុមារនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ផ្ដើមដំបូងពីសាខាចោមចៅនៅថ្ងៃទី១ ខែកុម្ភៈ និងសាខាតាកែវធ្វើនៅថ្ងៃទី៣ ខណៈសាខាផ្សារថ្មីនឹងធ្វើឡើងនៅថ្ងៃទី៧ កុម្ភៈសាខាចាក់អង្រែនៅថ្ងៃទី៩ កុម្ភៈ ដោយឡែកសាខាម៉ៅសេទុង ព្រមទាំងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ សាខាទួលគោក សាខាខេត្តសៀមរាប នឹងប្រព្រឹត្តិទៅតាមថ្ងៃបន្តបន្ទាប់៕