Stand with Cambodia — Together for Our Future
ព័ត៌មានជាតិ May 20, 2024

សៀវភៅ“អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី”ត្រូវបានប្រគល់ជូនបណ្ណសារដ្ឋានជាតិនៃកម្ពុជាដើម្បីរក្សាទុកជាឯកសារប្រវត្តិ

image

កាលពីព្រឹកថ្ងៃសុក្រទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួចអេឌ្យូខេសិន (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង)   តំណាងដោយលោក សួស ស៊ុនឌី អនុប្រធានគ្រប់គ្រងបណ្ណសារដ្ឋាន និងលោក អឿ ស៊ីណា ប្រធានផ្នែកប្រវត្តិសាស្រ្ត ព្រមទាំងបណ្ណសារនុរក្ស បាននាំយកសៀវភៅចំនួន ១០ក្បាលដែលជាស្នាដៃនិពន្ធផ្ទាល់របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន មកតម្កល់ទុកនៅបណ្ណសារដ្ឋានជាតិនៃកម្ពុជា (National Archives of Cambodia)  តំណាងដោយលោកជំទាវ ឆែម នាង និងលោកជំទាវ លឹម គី ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្រ្តី។

ការជូនសៀវភៅដល់បណ្ណសារដ្ឋានជាតិនៃកម្ពុជានេះ (National Archives of Cambodia) ក្នុងគោលបំណងដើម្បីតម្កល់ និងរក្សាទុកជាឯកសារស្រាវជ្រាវ ជាប្រយោជន៍សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ព្រោះវាជារឿងប្រវត្តិសាស្រ្តពិតៗដែលអ្នកឧកញ៉ាឆ្លងកាត់ផ្ទាល់ និងកើតចេញពីគំនិតវិភាគនានាវិជ្ជមានក្នុងការបម្រើជាទុនពុទ្ធិប្រកបដោយអត្ថន័យ ខ្លឹមសារ ច្បាស់លាស់ និងការគិតស៊ីជម្រៅ។

ក្រុមការងារការិយាល័យបណ្ណសារដ្ឋាន(Archive Center) របស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន បានជូនសៀវភៅរក្សាទុកមួយចំណែក ភ្ជាប់ជាសៀវភៅអនុស្សាវរីយ៍សម្រាប់ជូនដល់ លោក ម៉ម ចាន់ ជាប្រធាននាយកដ្ឋានតម្តល់ឯកសារបណ្ណសារដ្ឋានជាតិនៃកម្ពុជា មួយចំណែកដែលមានក្រុមការងារទទួលតំណាង។ ក្រៅពីនោះ ក្រុមការងារការិយាល័យបណ្ណសារដ្ឋាន(Archive Center) របស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ក៏បានជូនសៀវភៅអនុស្សាវរីយ៍ដល់លោកជំទាវ លឹម គី និងលោកជំទាវ ឆែម នាង ជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី និងក្រុមការងារដែលបម្រើការនៅបណ្ណសារជាតិមួយចំនួនបន្ថែមទៀត សរុបរួមមានចំនួន៥ឈុត ស្មើនឹង១ឈុត១០ក្បាល។

ជាមួយគ្នា បុគ្គលិកការិយាល័យបណ្ណសារដ្ឋាន(Archive Center) របស់ក្រុមហ៊ុន ម៉េង លី ជេ. គួច អេឌ្យូខេសិន ក៏បានណែនាំពីគោលបំណង និងរៀបរាប់ពីខ្លឹមសារនៃសៀវភៅមួយចំនួនដែលនឹងត្រូវជូនដល់ បណ្ណសារដ្ឋានជាតិ ក្នុងរក្សាទុកដូចគ្នា។ មិនតែប៉ុណ្ណោះ ក្រុមការងារក្រុមហ៊ុនបានសាកសួរពីការទុកដាក់ និងថែរក្សាឯកសារ ដោយធ្វើយ៉ាងណាឱ្យឯកសារមានសុវត្តិភាព គង់វង្សបានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនោះដែរ មន្រ្តីនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក៏បានពន្យល់ពីតួនាទីថាជាកន្លែងតម្កល់ទុកឯកសារច្បាប់ដើម (Original) របស់រដ្ឋាភិបាលមានដូចជា ច្បាប់ បទដ្ឋានកតិយុទ្ធ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ និងសេចក្តីសម្រេចនៃក្រសួងជាដើម។  ជាក់ស្តែង ឯកសារនៅទីនោះមានអាយុកាលចាស់ជាងគេតាំងពីឆ្នាំ ១៩១១មកម្ល៉េះ។   យ៉ាងណាមិញ មន្រ្តីនៃបណ្ណសារដ្ឋានជាតិកម្ពុជា បានបំភ្លឺដើម្បីកុំឱ្យមានការយល់ច្រឡំគ្នារវាងបណ្ណសារដ្ឋានជាតិជាមួយនឹងបណ្ណាល័យជាតិ ដែលជាកន្លែងសម្រាប់អាន និងរក្សាទុកឯកសារ។ ចំពោះបណ្ណាល័យជាតិ ឯកសារខុសត្រង់ថាមិនមែនជាលក្ខណៈច្បាប់ដើមសឹងតែទាំងអស់ដូចបណ្ណសារដ្ឋានឡើយ។ បណ្ណាល័យជាតិ អាចចូលចម្លង (Copy) ឬអានឯកសារបាន ប៉ុន្តែការស្រាវជ្រាវ គឺយកឯកសារដើមគឺត្រូវយកពី បណ្ណសារដ្ឋាន ទៅចងក្រងរៀបដដែល។

ដោយមានការចេញអនុក្រឹត្យសម្រេចនៅឆ្នាំ២០០៥ថា នៅតាមបណ្តាខេត្ត ក៏អាចមាន បណ្ណសារដ្ឋានសម្រាប់តាមខេត្ត ក្នុងការរក្សាទុកប្រវត្តិ ទនិ្នន័យ និងព័ត៌មានខេត្ត ឃុំ ស្រុកជាដើម សម្រាប់ការរក្សា និងស្រាវជ្រាវនៅខេត្តបាន។ ទាក់ទិននឹងព្រះរាជក្រឹត្យ អនុក្រម ឬសេចក្តីសម្រេចនៃក្រសួង  ទាល់តែចេញជាសៀវភៅទើបមកយកតម្កល់បាន បើចេញត្រឹមតែឯកសារខាងបណ្ណសារដ្ឋានមិនអាចទទួលបានឡើយ។ ប៉ុន្តែឯកសារថ្មីៗដូចជាសេចក្តីសម្រេចនៃក្រសួង ឬអនុក្រឹត្យដែលទើបចេញថ្មី បណ្ណសារដ្ឋានជាតិ មានត្រឹមតែឯកសារចម្លងនោះទេ ព្រោះច្បាប់ដើមត្រូវរក្សានៅខាងរដ្ឋបាលនៃរដ្ឋាភិបាល។

បន្ថែមពីនេះ បណ្ណសារដ្ឋានជាតិកម្ពុជា ក៏បានបង្ហាញពីភាពខុសគ្នានៃសៀវភៅរាជកិច្ច ដែលមាន២ទម្រង់ខុសគ្នា រួមមាន៖ ទម្រង់ទី១ ជាសៀវភៅដែលកឹប ហើយរុំដោយផ្លាស្ទិចនៅកែមសៀវភៅ រីឯទម្រង់ទី២ ជាសៀវភៅដែលកឹបនឹងដែកកឹប ហើយទម្រង់ទី២ អាចរក្សាទុកបានយូរជាងព្រោះវាខុសពីកឹបដោយផ្លាស្ទិចដែលអាចនឹងរលាយ ឬងាយទន់ខូចជាង។

ជាការកត់សម្គាល់ មន្រ្តីនៃបណ្ណសារដ្ឋានក៏បានបង្ហើបដែរថា ក្នុងការរក្សាឯកសារនៅបណ្ណសារដ្ឋានជាតិ នាថ្ងៃអនាគត រដ្ឋាភិបាលអាចនឹងកាត់បន្ថយការបោះពុម្ភ ហើយសម្របជំនួសមកវិញតាមការប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការរក្សាទុក និងស្រាវជ្រាវឯកសារ។ បន្ទាប់ពីការណែនាំ និងស្វែងយល់ពីប្រភេទឯកសាររួចហើយ ក្រុមការងារក៏បានសាកសួរព័ត៌មាន និងបទពិសោធបន្ថែម ក្នុងការណាត់សម្ភាសខាងបណ្ណាសារដ្ឋាន ដើម្បីលម្អិតពីការរៀបចំឯកសារធ្វើយ៉ាងណាឱ្យរក្សាបានយូរផងដែរ៕

អត្ថបទកែសម្រួលដោយ៖ យឺន សីហា