អប់រំ Apr 28, 2024

សៀវភៅ “មាគ៌ាបញ្ញវន្ត” ត្រូវបានសម្ពោធ និងដាក់លក់ជាផ្លូវការលើទឹកដីខេត្តសៀមរាប

image

“មាគ៌ាបញ្ញវន្ត” ជាសៀវភៅដែលរៀបរៀងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម (YVSD) និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានសម្ពោធដាក់លក់ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ ពិធីសម្ពោធសៀវភៅកម្រាស់១៦៦ទំព័រនេះ បានធ្វើឡើងនៅសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាសៀមរាប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ អ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

កម្មវិធីសម្ពោធសៀវភៅនេះដែរ មាននិមន្ត និងអញ្ជើញចូលរួមពីវាគ្មិនជាគណៈអធិបតីចំនួន២អង្គ/នាក់រួមមាន៖ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាតួអង្គសំខាន់ក្នុងសៀវភៅ «មាគ៌ាបញ្ញវន្ត»ផ្ទាល់តែម្ដង។

ថ្លែងផ្ដល់បទសម្ភាសក្នុងពិធីសម្ពោធសៀវភៅ “មាគ៌ាបញ្ញវន្ត” អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា ខ្លឹមសារសំខាន់នៅសៀវភៅ “មាគ៌ាបញ្ញវន្ត” ផ្ដោតសំខាន់ទៅលើបញ្ញវន្តភាពរបស់កម្ពុជា។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត រំពឹងថា សៀវភៅនេះនឹងផ្ដល់ឱ្យអ្នកអាន ជាពិសេសយុវជនៗដែលបានចាប់កាន់អានសៀវភៅនេះទទួលបានការលើកទឹក ដើម្បីជំរុញឱ្យពួកគេក្លាយទៅជាបញ្ញវន្តរបស់កម្ពុជានាពេលអនាគត។ ជាការកត់សម្គាល់ថា ក្នុងចំណោមពិធីសម្ពោធសៀវភៅទាំង១០របស់អ្នកឧកញ៉ា ពិធីសម្ពោធសៀវភៅ ‘’មាគ៌ាបញ្ញវន្ត’’ មានមនុស្សចូលរួមច្រើនជាងគេបង្អស់។

គួរបញ្ជាក់ថា សៀវភៅ «មាគ៌ាបញ្ញវន្ត» មានសរុបចំនួន១៦៦ទំព័រ ទំហំ១៤.៨គុណនឹង២១សង់ទីម៉ែត្រ កើតចេញពីសិក្ខាសាលាអនឡាញស្តីពី “ការរៀបចំខ្លួនដើម្បីឱ្យក្លាយជាបញ្ញវន្តសតវត្សទី២១” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដោយមានវាគ្មិន៣អង្គ/នាក់ គឺសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ដែលព្រះអង្គចែករំលែកលើប្រធានបទ “តើអ្វីជាបញ្ញវន្ត?”។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកលើប្រធានបទ «តម្លៃបញ្ញវន្តនៅក្នុងសង្គមខ្មែរ» និងឯកឧត្តម ហ្សង់-ហ្វ្រង់ស័្វរ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ ចែករំលែកលើប្រធានបទ “បញ្ញវន្តនិងនយោបាយ”។ ដោយមើលឃើញតម្លៃខ្លឹមសារចែករំលែករបស់បញ្ញវន្តខ្មែរប្រកបដោយគតិបណ្ឌិតនិងមានពុទ្ធិអប់រំខ្ពស់ស័ក្តិសមជាមាគ៌ាបំភ្លឺផ្លូវដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ គ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានខ្នះខ្នែងជ្រោមជ្រែងលើបច្ចេកទេសបោះពុម្ពផ្សាយ។ ដើមចមនេះហើយ ទើបបានជាវណ្ណកម្មក្រោមចំណងជើងថា «មាគ៌ាបញ្ញវន្ត» នេះ ចាប់បដិសន្ធិឡើង។

សូមជម្រាបថា ក្រោយចប់ពិធីសម្ពោធលើទឹកដីអង្គរ ស្នាដៃនេះបានចរាចរលើទីផ្សាសៀវភៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ថវិកាដែលទទួលបានពីការលក់ស្នាដៃនេះនិងគ្រប់ស្នាដៃទាំងអស់របស់គ្រឹះស្ថាននឹងត្រូវដាក់ចូលក្នុងមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់គម្រោងជួយសហគមន៍ទាំង៤គម្រោង ដែលមូលនិធិកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ សៀវភៅ មាគ៌ាបញ្ញវន្ត គ្រោងនឹងចែកផ្សាយទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងតម្លៃលក់លើទីផ្សារត្រឹមតែ ២៨ ៧០០រៀល ឬ៧ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ស្នាដៃនេះគឺជាប្រភពឯកសារល្អមួយសម្រាប់សិស្ស និស្សិត បព្វជិត និងមហាជនទូទៅ ដែលមានជំនក់ចិត្តលើការអាននិងស្វែងយល់បន្ថែមទាក់ទងនឹងបញ្ញវន្តភាព៕

អត្ថបទដោយ៖ យឺន សីហា