អប់រំ Feb 09, 2023

អ្នកជំនាញអប់រំ សាទរចំពោះក្រសួងអប់រំដែលបានចេញសេចក្តីណែនាំអំពីទិវានៃសេចក្តីស្រឡាញ់

image

ក្នុង​សេចក្តីណែនាំ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ​ ​បាន​ផ្ដោ​ត​សំខាន់​លើ​ចំណុច​មួយ​ចំនួន​ដូចជា​ ​ផ្សព្វផ្សាយ​ដល់​សិស្ស​គ្រប់​មធ្យោបាយ​ឱ្យ​បាន​យល់​ដឹង​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​ពង្រឹង​វិ​ន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ការអប់រំ​សីលធម៌​ ​ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​ ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន​ ​ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា​ ​ដោយ​អនុ​វត្តសកម្មភាព​ ​មិត្ត​អប់រំ​មិត្ត​ ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតា​បី​តា​សិស្ស​ ​និង​សហគមន៍​ដើម្បី​ទទួល​ព័ត៌មាន​នានា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​ ​ដែល​ប្រព្រឹត្តិ​ដោយ​សិស្សានុសិស្ស​ជាដើម​។​

​ករណី​នេះ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ជាការល្អ​ដែល​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ចេញ​សេចក្តីណែនាំ​បែប​នេះ​ ​ប៉ុន្តែ​ ​យុវជន​គឺ​មិន​អា​ចចាប់​បង្ខំ​ឱ្យ​ធ្វើតាម​នោះ​ទេ​ ​គឺ​ត្រូវតែ​បង្ហាត់បង្រៀន​ពី​កុមារ​ ​ប៉ុន្តែ​បើ​មិនដែល​មានការ​បង្ហាញ​ ​ឬ​បង្រៀន​នោះ​ទេ​ ​ហើយ​ពេល​ដែល​មាន​ការអប់រំ​អំពី​សីលធម៌​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ ​គឺ​ឥរិយាបថ​ ​អាកប្បកិរិយា​ ​ដែល​ធ្លាប់​មាន​ ​គឺ​នៅតែ​មាន​ ​ពោល​គឺ​គ្រាន់តែ​ធ្វើតាម​ ​និង​គោរព​ ​តែ​នៅ​ពីមុខ​អ្នកអាណាព្យាបាល​ ​ឬ​លោកគ្រូ​ ​អ្នក​គ្រូ​តែប៉ុណ្ណោះ​ ​លុះ​ពេល​នៅ​ខាងក្រៅ​គឺ​មិន​ធ្វើតាម​នោះ​ទេ​។​ ​លោក​បាន​លើកយក​ការអប់រំ​ ​និង​វិ​ន័យ​ក្នុង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​និង​មជ្ឈ​ម​ណ្ឌ​ភាសា​អេ ​អាយ​ ​អាយ​(​A​i​i​)​មក​បញ្ជាក់​ថា​ ​«​ ​សាលា​យើង​ (​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​និង​មជ្ឈ​ម​ណ្ឌ​ភាសា​ អេ ​អាយ​ ​អាយ​(​A​i​i​) ​យើង​ធ្វើ​បាន​ល្អ​ ​ក្នុង​ការ​មើល​ខុសត្រូវ​ ​ណែនាំ​ ​ហើយ​ច្បាប់​តឹងតែង​ទាក់ទង​នឹង​រឿង​ខុស​ ​មិន​ប្រក្រតី​ ​និង​សីលធម៌​អស់ហ្នឹង​»​ ​។​

​លោក​ក៏​ចង់​ឱ្យ​យុវជន​ ​សិស្សានុសិស្ស​ ​យល់ថា​ ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ហ្នឹង​គឺ​ ​ស្រឡាញ់​ឪពុក​ម្ដាយ​ ​ស្រឡាញ់​បងប្អូន​ ​និង​ចាស់ទុំ​។​ ​ហើយ​លោក​សង្ឃឹម​ថា​ ​ឪពុក​ម្ដាយ​ ​អ្នកអាណាព្យាបាល​សិស្ស​នឹង​មើល​ថែ​កូន​បាន​ល្អ​ ​យកចិត្តទុកដាក់​ ​ជាពិសេស​នៅ​ក្នុង​ពេល​កូនចៅ​កំពុង​ពេញវ័យ​ ​ព្រោះ​ជាវ័យ​ដែល​កំពុងតែ​ចង់​សាក​ ​ចង់​ដឹង​។​

​លោក​បន្ថែម​ថា​ ​ប្រសិន​មាន​ការណែនាំ​ល្អ​ ​ហើយ​ច្បាប់ទម្លាប់​មាន​ត្រឹមត្រូវ​នោះ​ ​នឹង​កាត់បន្ថយ​បាន​ច្រើន​នូវ​ទង្វើ​មិន​សមរម្យ​នានា​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​។​

​បើ​តាម​អ្នកឧកញ៉ា​ ​មើលឃើញ​ថា​ ​នា​ពេល​បច្ចុប្បន្ន​នៅ​ទូទាំង​ពិភពលោក​គឺ​ឱ្យ​តែ​ថ្ងៃ​ទី​១​៤​ ​កុម្ភៈ​ ​ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តី​ស្រឡាញ់​គឺ​ធ្វើ​ឱ្យ​យុវជន​ប្រព្រឹត្ត​ខុស​ប្រពៃណី​ច្រើន​៕