អ្នកស្រី តើន ធារី អ្នកលក់ម្ហូបនៅតាមណ្ដោយផ្លូវម្ដុំទួលពង្រ បានប្រាប់អ្នកយកព័ត៌មានMJQTV ថា អ្នកស្រីជួលផ្ទះនៅម្ដុំទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែគាត់បានមកលក់បាយ ម្ហូបនៅម្ដុំទួលពង្រនេះ។ អ្នកស្រីបន្តថា អ្នកស្រីក៏ធ្លាប់ធ្វើការឱ្យគេដែរ ប៉ុន្តែវ័យចាស់និងចង់មានពេលវេលាសម្រាប់ខ្លួនដើម្បីមើលថែកូនចៅ ទើបសម្រេចចិត្តប្រកបរបរលក់ម្ហូបអាហារតាមដងផ្លូវនេះវិញ។ បន្ទាប់ពីចាប់ផ្ដើមលក់ ប្រាក់ចំណេញក៏អាចទទួលយកបាន និងមានពេលវេលាសម្រាប់ធ្វើការងារផ្សេងៗ។
នៅពេលដែលអ្នកយកព័ត៌មានរបស់ MJQTV សួរថា ប្រសិនបើគេឱ្យប្រាក់ខែ៤០០ដុល្លារក្នុងមួយខែ តើអាចងាកទៅធ្វើការ ហើយឈប់លក់ដូរដែរឬទេ? ចែ ភា អ្នកលក់របស់ប្រើប្រាស់ប្រចាំថ្ងៃនៅភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបដិសេដថា មិនស្មើនឹងចំណូលដែលគាត់រកបានពីការដឹករបស់ប្រើប្រាស់លក់តាមផ្ទះនោះទេ។ ស្រ្តីរូបនេះបន្តថា នៅពេលដែលគាត់រវល់ទៅបុណ្យ ឬការផ្សេងៗគាត់អាចសម្រាកបានដោយមិនចាំបាច់សុំច្បាប់អ្នកណានោះទេ។
កន្លងមកអ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចធ្លាប់អះអាងថា មុខរបរតាមចិញ្ជើមផ្លូវ ដែលមានទ្រង់ទ្រាយតូចៗ ដែលជាប្រភេទសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាចរន្តសេដ្ឋកិច្ចដ៏សំខាន់ដើម្បីជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ យ៉ាងនេះក្តី អនាម័យ និងគុណភាពគឺត្រូវតែពង្រឹង ដើម្បីឱ្យមានទំនុកចិត្តដល់អតិថិជន៕