អប់រំ Sep 19, 2023

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចូលរួមវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពីយុវជន ៤.០

image

មជ្ឈមណ្ឌលកម្ពុជា ៤.០ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងយុវជន សរុបប្រមាណ២៧០នាក់។

ប្រធានបទនៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ មានចំនួន២វគ្គ។  វគ្គទី១ និយាយអំពី «យុវជននិងការអប់រំឌីជីថល ជំនាញឌីជីថល និងអាជីពឌីជីថល» ធ្វើបទបង្ហាញដោយវាគ្មិនតំណាងក្រសួងអប់រំ យុវជន និងកីឡា សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលបានរំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះបណ្តាល ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម ដើម្បីពង្រឹងការអប់រំឌីជីថល និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។ លើសពីនេះទៀត ក៏បានលើកពីទំនាក់ទំនងរវាងយុវជនជាមួយការអប់រំឌីជីថល ជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ដែលជាភាពចាំបាច់ និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែង នៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យ នៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។

វគ្គទី២ និយាយអំពី «ការប្រើប្រាស់បច្ចេកវិទ្យានិងសុខភាពផ្លូវចិត្តរបស់យុវជន» ដែលធ្វើបទបង្ហាញដោយវាគ្មិនជាតំណាងក្រសួងសុខាភិបាល ក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន និងក្រុមហ៊ុនស្មាត អាស្យាតា ដែលមានការរំលេចពីតួនាទីរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការដាក់ចេញនូវសកម្មភាពបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា និងការការពារពីហានិភ័យ នៃការប្រើប្រាស់បច្ចេកវិទ្យាលើសកម្រិត និងខុសគោលដៅ។

គ្រប់ប្រធានបទនៃកិច្ចពិភាក្សាគឺលើកឡើងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងវិធីសាស្រ្ត ដើម្បីរក្សាលំនឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាព ចំគោលដៅ និងមិនប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសយុវជន ព្រោះយុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់ សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។ មិនតែប៉ុណ្ណោះ យុវជនជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា ហើយអាចប្រើវាជាដំណោះស្រាយ ដើម្បីទទួលបានជាប្រយោជន៍វិជ្ជមាន ជួយដល់សេដ្ឋកិច្ចនិងសង្គម។

ថ្លែងសុន្ទរកថានាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់អំពីគោលបំណងនៃការរៀបចំវេទិកានេះ គឺដើម្បីប្រមូលផ្តុំអ្នកជំនាញនិងភាគីពាក់ព័ន្ធ រួមមាន អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈជុំវិញប្រធានបទសំខាន់ៗ ទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល ទំនាក់ទំនងរវាងយុវជន និងបដិវត្តន៍ឧស្សាហកម្ម ៤.០ សក្តានុពលរបស់យុវជន និងការអភិវឌ្ឍមូលធនមនុស្ស ការទាញយកប្រយោជន៍ពីអត្ថិភាព និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្ត។ ឯកឧត្តមក៏បានបានវាយតម្លៃថា វេទិកាកម្ពុជា ៤.០ លើកទី១ នេះ បានបង្ហាញឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងដំណើរការបដិវត្តកម្មឌីជីថលនៅកម្ពុជដោយសារយុវជនជាកម្លាំងចលករប្រកបដោយថាមភាពក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

បន្ថែមពីនោះ ក្នុងនាមជាវេជ្ជបណ្ឌិតសុខភាពសាធារណៈ និងជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា គួច ម៉េងលី បានឱ្យដឹងថា បច្ចេកវិទ្យា ពុំមែនជាគ្រឿងម៉ាស៊ីនទេ តែជាចំណេះដឹងវិទ្យាសាស្ត្រដែលយើងយកមកច្នៃប្រើប្រាស់ទៅជាប្រយោជន៍សម្រាប់អ្វីមួយដែលប្រើបាន។ បច្ចុប្បន្នវាបានក្លាយជាឧស្សាហកម្មបច្ចេកវិទ្យាទៅហើយ ដែលអាចបម្រើប្រយោជន៍យ៉ាងច្រើនដល់មនុស្សជាតិ គ្រប់វិស័យ មិនថាការអប់រំ សុខាភិបាល ការលក់ដូរ និងការរស់នៅផ្សេងៗ។ អ្នកឧកញ៉ា ក៏បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា ពិសេសគឺយុវជន ត្រូវស្វែងយល់និងដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាសំខាន់ណាស់សម្រាប់ការរស់នៅនិងការទទួលបានព័ត៌មានពីគ្រប់ទិសទីច្បាស់លាស់ និងសុវត្ថិភាព ប៉ុន្តែត្រូវប្រើឱ្យចំគោលដៅ ទើបមានប្រយោជន៍ និងការអភិវឌ្ឍ៕