Stand with Cambodia — Together for Our Future
បទយកការណ៍អំពីជីវិត Apr 23, 2022

អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​ក្រុម​គ្រួសារ មក​ស្រុក​កំណើត​ខេត្ត​កំពង់​ឆ្នាំង ជួយ​ពលរដ្ឋ​ក្រីក្រជាង ៤០០ គ្រួសារ

image

អ្នក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ក្រៃលែង ដែលបាន​​រួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​ភូមិ​ស្រុក​ដែល​ដូន​តា​របស់​លោក​ ធ្លាប់​ឆ្លង​កាត់​ភាព​កម្រត់កម្រ តស៊ូ​នឹង​ទុក្ខលំបាក​វេទនា​កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន។ 

អ្នក​ឧកញ៉ា បាន​បន្ត​ថា ក្រោយ​ពី​ស្ថានការណ៍​កូវីដ ១៩ នៅ​កម្ពុជា​ហាក់រាង​ធូរស្បើយ លោក​និង​ក្រុមគ្រួសារ​អាច​វិល​ត្រឡប់​មក​ភូមិស្រុក​សារជាថ្មី​ដើម្បី​យក​អំណោយ​ចែក​រំលែក​ដល់​ពលរដ្ឋ​ក្រីក្រ ខណៈ​រាល់​ឆ្នាំ​មុនៗ លោក​តែងតែ​មក​ពុំ​ដែល​ខាន​ឡើយ ពោល​គឺ​ចាប់​តាំង​ពី​ឆ្នាំ ២០០១ មក​ម្លេះ។ 

រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ អ្នក​ឧកញ៉ា​ដែល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ស្គាល់​តាម​រយៈ​ការ​ផ្តល់​ដំបូន្មាន​ដ៏​មុតស្រួច​ទាំង​ផ្នែក​សុខភាព​និង​ការ​អប់រំ បាន​សង្កត់​ធ្ងន់​ថា មូលនិធិ ម៉េងលី ជេ. គួច ​របស់​លោក​បាន​ជួយ​ដល់ ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំង​អស់​ប្រមាណ​ជាង ៣០ ម៉ឺន​ដុល្លារ​មក​ហើយ ដោយ​រាប់​ទាំង​ការ​ឧបត្ថម្ភ​គ្រឿង​ឧបភោគបរិភោគ​ដល់​ពលរដ្ឋ ពិសេស​ការ​រួម​ចំណែក​កសាង​វត្តអារ៉ាម សាលារៀន ​និង​អណ្តូង​ទឹក​ជា​ដើម ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​ ក៏​ដូច​ជា​ជម្រុញ​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ក្មេងៗ​នៅ​ក្នុង​ភូមិ​ផងដែរ។ 

ទន្ទឹម​នឹង​នេះ​ដែរ មេ​ភូមិ​ថ្ម​កង្កែប​លោក ឆែម សុខន បាន​សម្ដែង​នូវ​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង ដែល​បាន​ឃើញ​អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង​ក្រុម​គ្រួសារ​ បាន​ចុះ​​មក​ចែក​អំណោយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​កំពុង​មាន​ជីវភាព​ខ្វះ​ខាត​នៅ​ក្នុង​ភូមិ។ 

លោក​បន្ថែម​ថា អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងតែ​ចុះ​មក​ផ្តល់​អំណោយ​សប្បុរសធម៌​និង​ផ្តល់​ជំនួយ​កសាង​វត្តអារ៉ាម សាលារៀន និង​អណ្តូង​ទឹក ជា​ច្រើន​ដល់​ភូមិ កង្កែប ឃុំ​ច្រណូក ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំង អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ 

បើ​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​មូលនិធិ ម៉េងលី ជេ. គួច ចាប់​តាំង​ពី​ឆ្នាំ ២០០១ ដល់​បច្ចុប្បន្ន មូល​និធិ ម៉េងលី ជេ. គួច បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ៣០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ដល់​ភូមិ​កង្កែប ឃុំ​ច្រណូក ស្រុក​កំពង់​លែង ខេត្ត​កំពង់​ឆ្នាំង ដែល​ក្នុង​នោះ​សមិទ្ធផល​ទទួល​បាន​រួមមាន៖ ការ​ស្ថាបនា​វត្ដគិរី សេត្ថារាម (ហៅ​វត្ដ​ថ្ម​កង្កែប), សាង​សង់​សាលាបឋម​សិក្សា​ថ្ម​កង្កែប គួច ប៉េង​សាំង ងិន ហួយ, សាងសង់​អណ្ដូង​ទឹក, តទុយោទឹក និងសង់ស៊ីទែន, ការ​ចំណាយ​សម្រាប់​កម្មវិធី​ចុះ​ជួយ​សាលា​បឋមសិក្សា យុគន្ធរ ស្រុក​បរិបូរ ខេត្ដកំពង់ឆ្នាំង, ការ​ចំណាយ​លើ​បរិច្ចាគអង្ករ គ្រឿង​ឧបរិភោគ​បរិភោគ និង​ថវិកា​ជូន​ប្រជាពលរដ្ឋ​មួយ​ចំនួន។ ក្រៅ​ពី​ខេត្ត​កំពង់​ឆ្នាំង នៅ​មាន​បណ្តា​ខេត្ត​ជា​ច្រើន​ផ្សេង​ទៀត​ទូទាំង​ប្រទេស ដែល​មូល​និធិ ម៉េងលី ជេ. គួច បាន​ចូល​រួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ដែល​គិត​ជា​ទឹកប្រាក់​ប្រហែល​ខ្ទង់លាន​ដុល្លារ​ទៅហើយ។ 

មូល​និធិ ម៉េងលី ជេ. គួច ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៥ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានីភ្នំពេញ។ មូលនិធិ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្រោម​គំនិត​ផ្ដូចផ្ដើម​របស់​អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សម្រាប់​គោល​បំណង​សប្បុរសធម៌ ចំណេះដឹង​អក្ខរកម្ម និង​គោល​បំណង​ស្រាវជ្រាវ៕